ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ដោយបំបែកចេញពីភូមិសាយ នៃខេត្តពោធិ៍សាត់ 

ភ្នំពេញ ៖ យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ស្ដីពីការបង្កើត និងបំបែកភូមិ នៃខេត្តពោធិ៍សាត់ ដែលចុះហត្ថលេខាដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចុះថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤​​ បានសម្រេចបង្កើតភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ដោយបំបែកចេញពីភូមិសាយ នៃឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ការសម្រេចបង្កើត និងបំបែកភូមិមួយនេះ យោងតាមសំណើរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ។ 

ក្នុងប្រកាសនោះបានសម្រេចជា៤ប្រការ ដូចខាងក្រោម៖  ប្រការ១. ត្រូវបានបង្កើតភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ដោយបំបែកចេញពីភូមិសាយ នៃឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ប្រការ២. ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលភូមិបង្កើតថ្មីដូចមានចែងនៅក្នុងប្រការ១ នៃប្រកាសនេះ ត្រូវអនុលោមទៅតាមសេចក្តីណែនាំលេខ ០០៤ សណន ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៦ របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ នីតិវិធីនៃការជ្រើសរើសមេភូមិ ការចូលកាន់តំណែង ការផ្លាស់ប្តូរមេភូមិ ការតែងតាំងជំនួយការមេភូមិ និងតួនាទី ភារកិច្ច របៀបរបបធ្វើការងាររបស់មេភូមិ។ 

ប្រការ៣. បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍ និង ប្រការ៤. អគ្គលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ប្រធាន អង្គភាពផ្សេងទៀតចំណុះក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ អភិបាលនៃគណៈអភិបាលខេត្ត ពោធិ៍សាត់ ប្រធានក្រុមប្រឹក្សាស្រុកភ្នំក្រវាញ អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ និងប្រធានក្រុមប្រឹក្សាឃុំព្រងិល ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ ដោយ ៖ រាជសីហ៍០២