បុគ្គល លី សាម៉េត ត្រូវបានសមត្ថកិច្ចបញ្ចូនទៅតុលាការហើយនៅ ព្រឹកទី៥វិឆ្ឆិការនេះ

ភ្នំពេញ ៖ នគរបាលទទួលផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា នេះ បានបញ្ជូនខ្លួនបុគ្គល លី សាម៉េត ដល់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីអនុវត្តនីតិវិធីច្បាប់។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់មកអង្គភាពសារព័ត៌មាន រាជសីហ៍ញ៉ូវស៍ នៅមុននេះបន្តិច។

សូមជម្រាបថា តាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក សំ វិច្ឆិកា បុគ្គល លី សាម៉េត បានចូលសារភាព និងប្រគល់ខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតាមរយៈលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទអគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបាននាំខ្លួនពីខេត្តព្រះសីហនុ មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅយប់ថ្ងៃទី៤ ខែវិច្ឆិកា យប់មិញនេះដើម្បីសាកសួរ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ៤ វិឆ្ឆិកា ២០២៤ បុគ្គល លី សាម៉េត ចេញឃ្លីបវីដេអូសារភាពកំហុស និងសុំទោសពីសំណាក់សម្តេចតេជោ ដែលខ្លួនបានយកឈ្មោះសម្ដេចតេជោ ដើរបោកលុយគេជាច្រើន។ 

ភ្លាមៗនោះសម្តេចតេជោក៏បានបង្ហោះសារលើផេកផ្លូវការរបស់សម្តេចថា “ខ្ញុំសូមបញ្ជាក់ជូនថា មិនមែនដោយសារតែវីដេអូសារភាពកំហុសនិងសូមទោសមួយនេះ លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ។ ជំនួយការខ្ញុំម្នាក់ឈ្មោះ ដួង តារា ត្រូវបានឃាត់ខ្លួនរង់ចាំការកាត់ទោស ដោយសារជាប់ពាក់ពន្ធ័ឆបោកជាមួយ លី សាម៉េត នេះ។ ពេលនេះ លី សាម៉េត ក្រោយពីរត់គេចខ្លួនបានបង្ហាញខ្លួន ហើយសូមសមត្ថកិច្ចដែលជានគរបាល ឬកងរាជអាវុធហត្ថទៅនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់។

លី សាម៉េត បានសុំពេលព្យាបាលខ្លួននៅផ្ទះមុនពេលចូលខ្លួន ឱ្យតុលាការកាត់ទោស។ មិនអាចធ្វើបែបនេះបានឡើយ នគរបាលយុត្តិធម៌ត្រូវតែនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី។ខ្ញុំសង្ឃឹមថា សមត្ថកិច្ចមិនបន្តឱ្យ លី សាម៉េត បានស្ថិតនៅក្រៅសំណាញ់ច្បាប់ទៀតទេ” ។ ដោយ រាជសីហ៍ ០៣