
ភ្នំពេញ ៖ ក្រសួងកាបរទេសខ្មែរ បានបញ្ជាក់ថា ស្ថានទូតខ្មែរប្រចាំនៅថៃ និងមីយ៉ាន់ម៉ា មិនទាន់ទទួលបានព័ត៌មានណាមួយថាមានពលករ ឬពលរដ្ឋខ្មែរ រងគ្រោះដោយសារហេតុការណ៍រញ្ជួយដីនៅប្រទេសទាំងពីរនេះនៅឡើយទេ ។

បើតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ពាក់ព័ន្ធនឹងហេតុការណ៍នៃការរញ្ជួយដីនៅក្នុងប្រទេសថៃ និងមីយ៉ាន់ម៉ា ក្រសួងការបរទេស កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ និងបានណែនាំទៅស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ និងមីយ៉ាន់ម៉ារ ដើម្បីប្រមូលព័ត៌មានអំពីសុវត្ថិភាពរបស់ពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្ថិតក្នុងប្រទេសទាំងពីរ ដោយទទួលបានព័ត៌មានបឋមពីស្ថានទូត មានករណីរញ្ជួយដីកម្រិតខ្លាំងនៅទីក្រុងបាងកក ប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ារ ដែលបណ្តាលឱ្យមានការបាក់អគារ និងបង្កការខូចខាតទ្រព្យសម្បត្តិមួយចំនួនផងដែរ។

ក្រសួង បញ្ជាក់យ៉ាងដូច្នេះថា «ស្ថានទូត មិនទាន់ទទួលបានព័ត៌មានណាមួយថាមានពលករ ឬពលរដ្ឋខ្មែរ រងគ្រោះដោយសារហេតុការណ៍រញ្ជួយដីនៅប្រទេសទាំងពីរនេះនៅឡើយទេ ។ ស្ថានទូត បានចាត់វិធានការភ្លាមៗ និងបានណែនាំដល់មន្ត្រីស្ថានទូតធ្វើការទាក់ទងប្រមូលព័ត៌មានពីអាជ្ញាធរនៃប្រទេសតាំងនៅ និងក្រុមការងារគ្រប់តំបន់ដែលមានពលរដ្ឋខ្មែររស់នៅ និងធ្វើការ អំពីសុវត្ថិភាពរបស់ពួកគាត់ ហើយនិងត្រៀមលក្ខណៈសហការជាមួយអាជ្ញាធរពាក់ព័ន្ធនៃប្រទសម្ចាស់ផ្ទះ ដើម្បីផ្តល់ជំនួយដល់ពលរដ្ឋខ្មែររងគ្រោះ ឬត្រូវការជំនួយ ឱ្យអស់ពីលទ្ធភាព»។

ជាមួយគ្នានេះ ក្រសួងការបរទេស ក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងស្ថិតនៅប្រទេសទាំងពីរខាងលើ ពិសេសតំបន់ដែលរងគ្រោះដោយករណីរញ្ជួយដីទាំងនេះ សូមទាក់ទងជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់អ្នកដើម្បីឱ្យពួកគេដឹងថាអ្នកមានសុវត្ថិភាព រក្សាការប្រុងប្រយ័ត្នខ្ពស់ ដោយចាត់វិធានការចាំបាច់ទាំងឡាយសម្រាប់សុវត្ថិភាពផ្ទាល់ខ្លួន និងគោរពតាមការណែនាំ ឬវិធានការសុវត្ថិភាពរបស់អាជ្ញាធរមូលដ្ឋាន៕





Leave a Reply