សមត្ថកិច្ច ចុះបង្ក្រាបទីតាំងស្តុក និងលក់សត្វព្រៃខុសច្បាប់ ១កន្លែង ក្នុងស្រុកស្នួល ដោយរឹបអូសបានសាច់សត្វព្រៃខុសច្បាប់មួយចំនួន

ក្រចេះ ៖ កម្លាំងសមត្ថកិច្ចចម្រុះ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានចុះបង្ក្រាបទីតាំងស្តុក និងលក់សត្វព្រៃខុសច្បាប់១កន្លែង ស្ថិតនៅក្នុងស្រុកស្នួលខេត្តក្រចេះ ដោយរឹបអូសបានសាច់សត្វព្រៃខុសច្បាប់មួយចំនួន ដើម្បីកសាងសុំណុំរឿងតាមនីតិវិធីច្បាប់។

ប្រតិបត្តិការចុះបង្ក្រាបទីតាំងស្តុក និងលក់សត្វព្រៃខាងលើនេះបានធ្វើឡើងក្រោមការសម្របសម្រួលពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តក្រចេះ។

ក្រោយការចុះឆែកឆេរសមត្ថកិច្ច បានដកហូតសាច់ឈ្លូស ១០គីឡូ, សាច់ប្រើស ១៨គីឡូ, សាច់ជ្រូកព្រៃ ២៣គីឡូ, ចាបស្រូវ ១០០ក្បាល, ស្នែងឈ្លូស, កន្ទុយក្រងោក និងទទារស់។ ចំណែកឯជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបញ្ជូនមកសាកសួរតាមនីតិវិធីច្បាប់៕