ភ្នំពេញ ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបង្ហាញពីការជួបជជែកលេង រវាងសម្ដេចធិបតី និង លោក ម៉ិច ដារ៉ា ដោយភ្ជាប់ជាមួយសំណេរដែលមានខ្លឹមសារថា “ជួបជជែកលេងជាមួយប្អូនប្រុស ម៉ិច ដារ៉ា លើប្រធានបទជាច្រើន រួមទាំងសិទ្ធិសេរីភាព និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន ដែលចាំបាច់ត្រូវផ្សព្វផ្សាយព័ត៌មានពិត និងដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីជៀសវាងការផ្សព្វផ្សាយព័ត៌មានខុសពីការពិត នាំឲ្យអ្នកស្ដាប់ឬអ្នកអានព័ត៌មាន មានការយល់ច្រឡំខុស។

សម្ដេចធិបតីក៏បានបញ្ជាក់ដែរថា សម្ដេចធ្លាប់ស្គាល់ប្អូនប្រុស ម៉ិច ដារ៉ា កន្លងទៅជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនដែលមានឱកាសបានអង្គុយជជែកគ្នាលេងដូចពេលនេះ”។
សូមរម្លឹកថា កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ៦៤៣៨ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ ដែលមានជនត្រូវចោទឈ្មោះ ម៉ិច ដារ៉ា ភេទប្រុស ត្រូវបានចោទប្រកាន់ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងបណ្តាញសង្គម កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ និងពេលបន្តបន្ទាប់ ដែលជាបទល្មើសព្រហ្មទណ្ឌមានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីអំឡុង ខែកញ្ញា ឆ្នាំ២០២៤ ជនត្រូវចោទ ឈ្មោះ ម៉ិច ដារ៉ា បានបង្ហោះសារជាច្រើន ដែលមានលក្ខណៈញុះញង់ និងយករូបភាពកាត់តរមណីយដ្ឋានបាភ្នំ ត្រូវបានវាយកម្ទេចចោល បំភ្លៃការពិត មួលបង្កាច់ ប្រឌិតព័ត៌មានមិនពិតផ្សេងទៀត ដែលធ្វើឡើងក្នុងចេតនាទុច្ចរិត ញុះញង់ បញ្ឆេះកំហឹងឱ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានបង្ហោះ ចូលក្នុងផេកហ្វេសប៊ុករបស់ខ្លួនឈ្មោះ Mech Dara និងបានចែកចាយក្នុងបណ្តាញសង្គម Facebook, Twitter, Telegrame, whatsapp, និង Signal ដែលជនត្រូវចោទមានចេតនាទុច្ចរិត បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់ សន្តិសុខសង្គម។
បន្ទាប់ពីរងនូវបទចោទ ព្រមទាំងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេលជាង២០ថ្ងៃ នៅថ្ងៃទី២៣ ខែតុលា លោក ម៉ិច ដារ៉ា បានចេញវីដេអូសុំទោសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសុំទោសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានលិខិតជាលាយលក្ខណ៍អក្សរផងដែរ។
តាមរយៈវីដេអូនោះ លោក ម៉ិច ដារ៉ា រៀបរាប់ថា លោកបានបង្ហោះព័ត៌មានមិនពិតចំនួន៥លើក នៅលើបណ្ដាញសង្គម ក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៤ ដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រមុខថ្នាក់ដឹកនាំប្រទេស ហើយលោកសូមសន្យាថា នឹងឈប់បង្ហោះនូវព័ត៌មានដែលធ្វើឱ្យប៉ះពាល់ដល់ប្រមុខថ្នាក់ដឹកនាំប្រទេសតទៅទៀតហើយ។ បន្ទាប់មក លោក ម៉ិច ដារ៉ា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ៕ ដោយ ៖ រាជសីហ៍០២
Leave a Reply