
ភ្នំពេញ ៖ នៅថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) និងលោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-អាម៉េរិក ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ប្រធានសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា (AmCham Cambodia), ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ABC), វិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូប។

កិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-អាមេរិក បានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈដែលបានគ្រោងទុក ដោយបានលើកយកប្រធានបទជាអាទិភាពមកពិភាក្សាយ៉ាងផុសផុលជុំវិញបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា រួមមានជាអាទិ៍៖ (១)បទប្បញ្ញត្តិ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ, (២)កត្តាជំរុញលើកកម្ពស់លទ្ធភាពក្នុងការចូលមកកាន់ទីផ្សារកម្ពុជា ពីសំណាក់ការវិនិយោគ និងធុរកិច្ចពីសហរដ្ឋអាម៉េរិក, (៣) នីតិវិធីពាក់ព័ន្ធ និងកិច្ចសម្របសម្រួលវិនិយោគនានា និងបញ្ហាផ្សេងៗ។

ជាកិច្ចចាប់ផ្ដើម លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីកំណើននៃគម្រោងវិនិយោគដែលគួរឱ្យកត់សម្គាល់ ពិសេសគឺការបំបែកកំណត់ត្រារបស់ ក.អ.ក. ដែលសម្រេចបាននូវការអនុម័យគម្រោងចំនួន ៤១៤ ក្នុងឆ្នាំ២០២៤។ តួលេខនេះ ជាសក្ខីភាពស្តែងឱ្យឃើញពីប្រសិទ្ធភាពនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងថែទាំគាំទ្រកិច្ចការវិនិយោគពីវិស័យឯកជន ដោយបានចាត់ទុកវិស័យនេះជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

តាមរយៈវេទិកា នៃកិច្ចសន្ទនានេះ តំណាងវិនិយោគិនអាមេរិក បានបង្ហាញនូវចំណាប់អារម្មណ៍ជាវិជ្ជមាន ដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា និងមានសុទិដ្ឋិនិយមខ្ពស់ចំពោះការទទួលស្តាប់ពីបញ្ហាប្រឈម និងការផ្លាស់ប្តូរយោបល់ ពិសេស ជាមួយនឹងបទពិសោធន៍ដែលធ្លាប់ទទួលបានការឆ្លើយតប ក៏ដូចជាដំណោះស្រាយ បន្ទាប់ពីបានលើកឡើងកាលពីកិច្ចប្រជុំលើកទី១ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ កន្លងមក តំណាងវិនិយោគិនអាមេរិករំពឹង ថា បន្ទាប់ពីជំនួបសន្ទនា លើកទី២នេះ ពួកគេ ក៏នឹងទទួលបានលទ្ធផលជាវិជ្ជមានទៅតាមលំដាប់នីតិវិធី និងបទដ្ឋានគតិយុត្តពាក់ព័ន្ធថែមមួយកម្រិតទៀតផងដែរ។

សូមបញ្ជាក់ថា កិច្ចសន្ទនានេះ ត្រូវបានរៀបចំឡើង ដើម្បីស្ដាប់ និងពិភាក្សាដោះស្រាយរាល់កង្វល់នានា របស់វិនិយោគិនអាមេរិក ដោយអនុវត្តក្រោមស្មារតីសហការនិងឯកភាពរួមគ្នារវាងប្រមុខថ្នាក់ដឹកនាំ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំសហរដ្ឋអាមេរិក៕



Leave a Reply