ធនាគារពិភពលោក ៖ កម្ពុជា ទទួលបានចំណាត់ថ្នាក់ឈានមុខ ក្នុងការអនុវត្តគម្រោងរេដបូកនៅលើពិភពលោក

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសម្ដែងសេចក្តីត្រេកអរ ដោយលោកស្រី Salimata D. Follea តំណាងធនាគារពិភពលោកប្រចាំកម្ពុជា បានលើកឡើងថា «កម្ពុជា ទទួលបានចំណាត់ថ្នាក់ឈានមុខ ក្នុងការអនុវត្តគម្រោងរេដបូកនៅលើពិភពលោក»។

ការលើកឡើងរបស់ភាគីទាំងពីរ ក្នុងឱកាសជួបសម្ដែងការគួសមនិងពិភាក្សាការងារជាមួយក្រសួងបរិស្ថាន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។

ក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានថ្លែងថា ក្រសួងបរិស្ថានមានមោទកភាពយ៉ាងជ្រាលជ្រៅ ដែលទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ ចំពោះគម្រោងរេដបូកនៅកម្ពុជាក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត ដែលបានទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗមកទិញឥណទានកាបូននៅកម្ពុជា និងទទួលបានថវិកាពីការលក់ឥណទានកាបូនយកមកអភិរក្សព្រៃឈើនិងអភិវឌ្ឍជីវភាពសហគមន៍ ព្រមទាំងទទួលបានបរិមាណឥណទានកាបូនសម្រាប់រាប់បញ្ចូលទៅក្នុងផែនការនៃការកាត់បន្ថយការបំភាយ (NDC) សំដៅសម្រេចបាននូវចក្ខុវិស័យ «កម្ពុជាជាប្រទេសអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០»។   

លោកក៏បានបញ្ជាក់ទៀតថា ការទទួលបានចំណាត់ថ្នាក់ដ៏ល្អនេះ ត្រូវបានឆ្លុះបញ្ចាំងនូវ គោលនយោបាយដ៏ត្រឹមត្រូវ និងកិច្ចខិតខំប្រឹងប្រែងដ៏សកម្មរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ជាមួយដៃគូ ស្ថាប័នពាក់ព័ន្ឌ រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសប្រជាពលរដ្ឋ នៅក្នុងការចូលរួមអនុវត្តគម្រោងរេដូកនៅកម្ពុជា។

 លើសពីនេះទៅទៀត កម្ពុជាក៏នឹងទទួលបាននូវការគាំទ្រពីមូលនិធិអាកាសធាតុបៃតងសកល (Green Climate Fund) ដែលគ្រោងនឹងផ្តល់ដល់កម្ពុជានូវចំនួន ៤០លានដុល្លា សម្រាប់អនុវត្តកម្មវិធីរេដបូកជាតិ នាសម័យសន្និសីទអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុលើកទី២៩ COP29 នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។ 

សូមបញ្ជាក់ថា ការអនុវត្តគម្រោងរេដបូកអនុវត្តនាពេលកន្លងមក ត្រូវបានផ្តល់ជំនួយបច្ចេកទេសពីអង្គការអន្តរជាតិពាក់ព័ន្ធ។ ជាជំហ៊ានបន្ទាប់នាពេលអនាគតដ៏ខ្លី ក្រសួងបរិស្ថាននឹងពង្រឹងសមត្ថភាពមន្រ្តីថ្នាក់ជាតិ ជាពិសេសមន្រ្តីថ្នាក់ក្រោមជាតិប្រជាសហគមន៍ ដើម្បីគ្រប់គ្រងទាំងស្រុងនូវការអនុវត្តគម្រោងរេដបូក៕