ផ្ទុះភ្នំភ្លើងនៅភាគខាងកើតឥណ្ឌូណេស៊ី មនុស្ស១០នាក់បានបាត់បង់ជីវិត

ហ្សាការតា ៖ យ៉ាងហោចណាស់មនុស្ស១០នាក់បានបាត់បង់ជីវិត បន្ទាប់ពីភ្នំភ្លើង នៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ី បានផ្ទុះឡើងជិតពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ ដោយបានបញ្ចេញកម្អែលភ្នំភ្លើងផ្ទុះ និងបង្ខំឱ្យអាជ្ញាធរ ជម្លៀសប្រជាជនភូមិជាច្រើននៅក្បែរនោះ។


ភ្នំភ្លើង លើវ៉ូតូប៉ី ឡាគីឡាគី ស្ថិតនៅលើកោះផ្លរេ បានផ្ទុះឡើងកាលពី វេលាម៉ោង១១និង៥៧យប់ ថ្ងៃអាទិត្យ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រូវនឹងម៉ោង១០និង៥៧ យប់ក្នុងប្រទេសកម្ពុជា។ លោក ហាឌី វីចាយ៉ា អ្នកនាំពាក្យមជ្ឈមណ្ឌលភ្នំភ្លើងបានប្រាប់រ៉យទ័រថា បន្ទាប់ពីការផ្ទុះមានការដាច់ចរន្តអគ្គិសនី ហើយបន្ទាប់មកមានភ្លៀងធ្លាក់ និងមានផ្លេកបន្ទោរយ៉ាងខ្លាំងបណ្តាលឱ្យមានការភ័យស្លន់ស្លោ ក្នុងចំណោមអ្នកស្រុក។ 

កម្អែលភ្នំភ្លើង និងថ្មបានឆេះបំផ្លាញផ្ទះអ្នកស្រុកនៅជិតបំផុតជុំវិញប្រហែល៤គីឡូម៉ែត្រ ពីមាត់រណ្ដៅ។ មន្ត្រីក្នុងតំបន់ លោក ហេរូនីមូស ឡាម៉ាវ៉ូរ៉ាន់ បាននិយាយថា គិតត្រឹមរសៀលថ្ងៃចន្ទ មនុស្សយ៉ាងតិច ១០ នាក់បានបាត់បង់ជីវិត និងបានប៉ះពាល់ដល់ភូមិចំនួន៧ ។

លោក អាប់ឌុល មូហារី អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយ របស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយថា រដ្ឋាភិបាលក្នុងតំបន់ បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន សម្រាប់រយៈពេល៥៨ថ្ងៃបន្ទាប់ ដែលមានន័យថារដ្ឋាភិបាលកណ្តាល អាចជួយផ្តល់ជំនួយដល់អ្នកស្រុក ដែលរងផលប៉ះពាល់ចំនួន ១០,០០០ នាក់ អាជ្ញាធរកំពុងតែប្រមូលទិន្នន័យចំនួនអ្នកជម្លៀសចេញ ៕ ដោយ ៖ រាជសីហ៍០៤