
ព្រះសីហនុ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជាកម្ពុជា បានណែនាំឲ្យក្រសួងពាក់ព័ន្ធត្រូវធ្វើការតម្រង់ទិសដៅដល់សិស្សានុសិស្សរៀន ក្នុងកម្រិតអនុវិទ្យាល័យ ចាប់ពីថ្នាក់ទី៩ ត្រូវឲ្យសម្រេចចិត្តក្នុងការចាប់ជំនាញអ្វីមួយ កុំចាប់បាច់ដល់ចប់ថ្នាក់ទី១២ ។

ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន ទីចាត់ការ និងអគារកាត់ដេរ នៅវិទ្យាល័យ ហ៊ុនសែន វាលរេញ នៅព្រឹកថ្ងៃ២៦ មីនា សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ មានសិស្សានុសិស្សខ្លះរៀនមកដល់ថ្នាក់ទី៩ហើយ គឺមិនអាចចាប់យកការបន្តសិក្សាទៅមុខទៀតបានទេ ពោលដោយសារពួកគាត់រៀនមិនចូល ហើយក៏បានចេញទៅបម្រើការងារផ្សេងៗដែលមិនមានជំនាញច្បាស់លាស់ ដូច្នេះដើម្បីពង្រឹងដល់សមត្ថភាពពួកគាត់ឲ្យចាប់យកការងារអ្វីមួយដែលជាជំនាញរបស់ខ្លួននោះ ក្រសួងយុវជនអប់រំនិងកីឡា ព្រមទាំងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវតម្រង់ទិសអប់រំពួកគាត់អំពីមុខជំនាញអ្វីមួយ។

សម្តេចធិបតី បន្តថា សិស្សខ្លះមិនអាចបន្តសិក្សាទៅមុខទៀត មិនមែនមានតែនៅកម្ពុជានោះទេ នៅសិង្ហបុរីក៏មានដែរ ប៉ុន្តែដោយសារការតម្រង់ទិសអំពីជំនាញនេះហើយបានជាប្រទេសមួយចំនួនមានមូលដ្ឋានធនធានមនុស្សគ្រប់គ្រាន់ សម្រាប់វិស័យឧស្សាហ៍កម្ម និងបច្ចេកវិទ្យា។

សម្តេច នាយករដ្ឋមន្រ្តី បន្ថែមថា “សម្រាប់យើង យើងត្រូវតម្រង់ទិសធ្វើយ៉ាងណាឲ្យកូនរបស់យើង ក្មួយរបស់យើង ចៅរបស់យើងគាត់អាចសម្រេចចិត្តនិងគិតគូរ និងជួយគាត់ដើម្បីសម្រេចចិត្តពីដើម ។ ពីមុនយើងមានដែរ កម្មវិធីនេះ ប៉ុន្តែយើងចាំដល់ថ្នាក់ទី១២ ចប់ហើយបានយើងតម្រង់ទិស។ អីចឹងហើយគាត់រៀន១២ឆ្នាំហើយបានទៅ ។ អីចឹងខ្ញុំឲ្យគិតគូរឡើងវិញ ថាគួរតែផ្តល់ការណែនាំនេះពីដើមតិចទៅ ដើម្បីឲ្យគាត់សម្រេចចិត្ត ។ អីចឹងគឺយើងបានដាក់ទិសដៅទៅថ្ងៃមុខ ចង់ឲ្យគាត់សម្រេចចិត្តក្រោយពីថ្នាក់ទី៩គាត់ទៅណា?”៕


Leave a Reply