ក្រសួងសុខាភិបាល ជំរុញឱ្យលុបបំបាត់ជំងឺគ្រុនចាញ់ និងជំងឺដង្កូវព្រូនស៊ីស្តូ ឱ្យខានតែបាន ដើម្បីលើកកម្ពស់សុខភាពប្រជាពលរដ្ឋ

ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា ត្រូវតែលុបបំបាត់ឱ្យបាននូវជំងឺគ្រុនចាញ់ ជំងឺដង្កូវព្រូនស៊ីស្តូ នាដំណាច់ឆ្នាំ២០២៥នេះ ក៏ដូចជាត្រូវតែគ្រប់គ្រងឱ្យខានតែបានលើសពីលទ្ធភាពដែលមានប្រយុទ្ធនឹងជំងឺគ្រុនឈាម គ្រុនឈីក និងជំងឺដង្កូវព្រូនផ្សេងទៀត ដើម្បីលើកកម្ពស់សុខភាព និងសុខមាលភាពប្រជាជនកម្ពុជា។

ការលើកឡើងបែបនេះរបស់ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមប្រធានបទ «កម្ពុជាគ្មានជំងឺគ្រុនចាញ់ និងជំងឺព្រូនស៊ីស្តូ ត្រឹមឆ្នាំ២០២៥ ប្រកបដោយនិរន្តរភាព» របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្តនៃក្រសួងសុខាភិបាល។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បានបញ្ជាក់យ៉ាងថា «សន្និបាតដែលយើងទាំងអស់គ្នាកំពុងចូលរួមនាពេលនេះ គឺមានសារៈសំខាន់ណាស់ សម្រាប់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត និងថ្នាក់ដឹកនាំនិងមន្រ្តីសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន ស្ថាប័ន-អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អ្នកស្ម័គ្រចិត្តព្យាបាលជំងឺគ្រុនចាញ់ ដៃគូវិនិយោគ ដៃគូរអនុវត្ត ដើម្បីជួបជុំគ្នាផ្លាស់ប្តូរបទពិសោធន៍ ពិភាក្សា ពិនិត្យ និងវាយតម្លៃលើ វឌ្ឍនភាពសមិទ្ធផលដែលសម្រេចបាន បញ្ហាប្រឈម ដំណោះស្រាយ សម្រាប់អន្តរាគមន៍ជំហានបន្ទាប់ និងសំណូមពរ ដែលជាធាតុចូលនៃបច្ច័យរួមគ្នាដើម្បីកំណត់ទិសដៅការងារ ជាសកម្មភាពយុទ្ធសាស្រ្ត សមស្របប្រកបដោយ គុណភាព ប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលាបែបបុរេសកម្ម ឆ្ពោះទៅធានាបានថា ត្រូវតែលុបបំបាត់ឱ្យបាននូវជំងឺគ្រុនចាញ់ ជំងឺដង្កូវព្រូនស៊ីស្តូ នាដំណាច់ឆ្នាំ២០២៥នេះ ក៏ដូចជាត្រូវតែគ្រប់គ្រងឱ្យខានតែបានលើសពីលទ្ធភាព ដែលមានប្រយុទ្ធនឹងជំងឺគ្រុនឈាម គ្រុនឈីក និងជំងឺដង្កូវព្រូនផ្សេងទៀត»។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បានសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះភាពជាអ្នកដឹកនាំ ភាពជាម្ចាស់ការ ការប៉ិនប្រសប់បត់បែនបែបបុរេសកម្ម និងនវានុវត្តន៍ របស់មជ្ឈមណ្ឌលជាតិ កម្មវិធីជាតិ ព្រមទាំងអ្នកពាក់ព័ន្ធគ្រប់កម្រិតទាំងអស់ ដែលបានប្រតិបត្តិការអភិក្រមសកម្មភាពយុទ្ធសាស្រ្តពេញលេញគ្រប់ជ្រុងជ្រោយសមស្របតាមផែនការយុទ្ធសាស្រ្តជាតិ ចូលរួមចំណែកគាំទ្រគោលនយោបាយសុខាភិបាលគ្របដណ្តប់សុខភាពសកលជាអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧៕