ភ្ញៀវទេសចរជាតិ-អន្ដរជាតិ យ៉ាងច្រើនកុះករ ស្កាត់មកពីទីជិតឆ្ងាយ ដើម្បីរង់ចាំទស្សនា ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ភ្នំពេញ៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានស្កាត់មកពីទីជិតឆ្ងាយ រួតរះក្រោកតាំងពីព្រលឹមស្រាងៗ ដើម្បីរង់ចាំទស្សនាទិដ្ឋភាពដ៏អស្ចារ្យ គឺថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរ និងឆ្លៀតចូលទស្សនាសម្រស់ប្រាសាទអង្គរវត្ត នាពេលព្រឹកផង។

បើតាមហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ ចាប់តាំងពីម៉ោង ៥ព្រឹកមកម្ល៉េះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនប្រមាណជាង ២០,០០០នាក់ បានមករង់ចាំទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនេះ នៅខាងមុខប្រាសាទអង្គរវត្ត។

សូមបញ្ជាក់ថា ព្រឹត្ដិការណ៍ថ្ងៃរះចំកណ្ដាលប្រាសាទអង្គរ ឬហៅថា សមរាត្រី (Equinox) កើតឡើងចំនួន២ដង ជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង កើតឡើងនៅថ្ងៃទី២១ ខែមីនា និងសមរាត្រីរដូវវស្សា កើតឡើងនៅថ្ងៃទី២២ ខែកញ្ញា។

ជាមួយនឹងព្រឹត្តិការណ៍នាព្រឹកនេះដែរ ភ្ញៀវទេសចរបានបង្ហាញក្ដីរីករាយ និងមានភាពភ្ញាក់ផ្អើលចំពោះព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ជាមួយនឹងភាពស្រស់ស្អាតនៃថ្ងៃរះនៅលើកំពូលប្រាសាទអង្គរវត្ត ឆ្លុះជាមួយស្រះទឹកបញ្ចេញពន្លឺព័ណ៌មាសស្របពេលមានទេសភាពសម្រស់ខៀវខ្ចីនៃរុក្ខជាតិស្មៅក្នុងបរិវេណអង្គរ ដែលប្រទេសដទៃទៀតមិនអាចប្រៀបផ្ទឹមបានផងដែរ៕