
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានមានប្រសាសន៍ថា ការមិនផ្តល់ឋានន្តរសក្តិ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ដល់សម្តេចក្រឡាហោម ស ខេង ព្រោះ សម្តេច ជាស៊ីវិល ។

ការលើកឡើងរបស់សម្តេចតេជោនេះ ឆ្លើយតបទៅបុគ្គលមួយចំនួនអំពីការមិនផ្តល់ឋានន្តរសក្តិ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ដល់សម្តេច ស ខេង ខណៈសម្តេចក៏ជាឥស្សរជនជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជា ដូច សម្តេច ទៀ បាញ់ និងសម្តេច ម៉ែន សំអន ដែរ ក្រោយព្រះមហាក្សត្រ បានត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន កាលពីថ្ងៃ១៦ មីនា ។

ក្នុងឱកាសអញ្ជើញបំពាក់ឋានន្តរសក្តិ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ដល់សម្តេច ទៀ បាញ់ និងសម្តេច ម៉ែន សំអន នាព្រឹកថ្ងៃ២១ ខែមីនា ឆ្នាំ២០២៥ នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលទទួលបានព្រះរាជក្រឹត្យតម្លើងឋានន្តរសក្តិ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ដល់សម្តេច ទៀ បាញ់ និងសម្តេច ម៉ែន សំអន សម្តេចក៏បានបង្ហោះក្នុងបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ក៏មានការសារជាអក្សរមួយតាមរយៈ ខំមិនបានលើកឡើងអំពីការអវត្តមានសម្តេច ស ខេង ក្នុងការផ្តល់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ។

សម្តេចតេជោ បន្តថា តែបន្ទាប់ពីឃើញសារបែបនេះ ហើយសម្តេចក៏បានតបទៅវិញថា «សម្តេច ស ខេង ជាស៊ីវិលគាត់មិនពាក់ស័ក្តដូចជាទាហាននោះទេ ។ ការពិតសម្តេចក្រឡាហោម នៅឆ្នាំ១៩៩៧-៩៨ ពេលនោះគាត់និយាយថា បើសិនជាខ្ញុំពាក់ស័ក្ត ខ្ញុំពាក់តែស័ក្ត៥ទេ ព្រោះពេលហ្នឹងកំពុងតែអតិផរណាស័ក្ត»។

ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានផ្ញើសារផ្ដាំទៅក្រុមប្រឆាំងថា កុំព្យាយាមបំបែកបំបាកផ្ទៃក្នុង ជរបស់គណបក្សប្រជាជនកម្ពុជា ជុំវិញការបំពាក់ឋានន្តរសក្តិថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្ដេចពិជ័យសេនា ទៀបាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៕


Leave a Reply