
ព្រៃវែង ៖ កាលពីរសៀលថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានរៀបចំកម្មវិធីប្រឡងជ្រើសរើសយុវជនឆ្នើម ផ្នែកចម្រៀង រដូវកាលទី៤ និងផ្នែកសម្រស់រដូវកាលទី២ វគ្គផ្តាច់ព្រ័ត្រ នៅទីធ្លាសួនសម្តេចក្រឡាហោម ស ខេង ខេត្តព្រៃវែង។

បន្ទាប់ពីឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញ តាំងពីវគ្គជម្រុះដំបូង រហូតដល់វគ្គផ្ដាច់ព្រ័ត្រនេះ លទ្ធផលដែលជាជ័យជំនះ បានទៅលើ ១.បេក្ខជន ចាន់ លីតា គឺជាយុវជនមួយរូប មកពីវិទ្យាល័យ ហ៊ុន សែន ពោធិ៍រៀង ស្ថិតក្នុងស្រុកពោធិ៍រៀង ទទួលបានជ័យលាភីលេខ១ ផ្នែកសម្រស់បុរសរដូវកាលទី២នេះ។ ២.បេក្ខនារី សាយ ស៊ីណា គឺជាយុវតីមួយរូប មកពីវិទ្យាល័យព្រៃព្នៅស្ថិតក្នុងស្រុកពារាំង ខេត្តព្រៃវែង ទទួលបានជ័យលាភីលេខ១ ផ្នែកចម្រៀងរដូវកាលទី៤នេះ។ ៣.បេក្ខនារី ហៀក រស្មី គឺជាយុវតីមួយរូប មកពីវិទ្យាល័យ ស្វាយរមៀត ស្ថិតក្នុងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ទទួលបានជ័យលាភី ផ្នែកសម្រស់នារី រដូវកាលទី២នេះ។

ការទទួលជ័យលាភីលេខ១ ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គឺជាជោគជ័យមួយសម្រាប់ប្អូនៗយុវជន ហើយក៏ជាមោទនភាពមួយដែរសម្រាប់ខ្លួនឯងផង ក្រុមគ្រួសារផង និងអ្នកព្រៃវែងទាំងអស់គ្នាផង។

សូមជម្រាបជូនថា កម្មវិធីប្រឡងជ្រើសរើសយុវជនឆ្នើម បានប្រព្រឹត្តទៅដោយជោគជ័យ ហើយនេះជាសមិទ្ធិផលថ្មីមួយទៀត របស់ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តម បណ្ឌិត ងិន បាណាល់ ប្រធានក្រុមការអភិវឌ្ឍយុវជនខេត្តព្រៃវែង ក្នុងការចូលរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍសមត្ថភាពរបស់យុវជន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងការអភិវឌ្ឍធនធានមនុស្ស៕
Leave a Reply