សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណសមត្ថកិច្ចរាជធានីភ្នំពេញ បានឃាត់ខ្លួនចោរឆក់កាបូប អ្នកផលិតមាតិកាលើបណ្ដាញសង្គម ដែលជាជនបរទេស

កណ្ដាល ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំណរគុណចំពោះសមត្ថកិច្ចរាជធានីភ្នំពេញ បានឃាត់ខ្លួនចោរឆក់កាបូប អ្នកផលិតមាតិកាលើបណ្ដាញសង្គម ដែលជាជនបរទេស បានឆាប់រហ័ស។

កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ មានករណីចោរឆក់កាបូប លោក Chris និងគូដណ្តឹង នៅសង្កាត់វត្តភ្នំ រាជធានីភ្នំពេញ ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនចោរឆក់កាបូបនោះបានផងដែរ។ លោក Chris ត្រូវបានគេស្គាល់ថា ជា Vlogger ដ៏ល្បីមួយរូបលើបណ្ដាញសង្គម YouTube, Facebook និង Instagram ហើយលោក បានជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាយ៉ាងច្រើន។

នាឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ហ៊ុនសែន សេរីភាព នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឱ្យដឹងថា មានជនបរទេសមួយចំនួន បានលើកឡើងថា ពួកគាត់មានអារម្មណ៍ថា នៅពេលដើរលេងនៅកម្ពុជា ក្នុងម៉ោង ១០យប់ហើយ មិនភ័យខ្លាចគេមកប្លន់ ខណៈបណ្ដាប្រទេសមហាអំណាចមួយចំនួន ពួកគាត់ខ្លាចគេចាប់ និងប្លន់ ។ បែបជា ប្រទេសកម្ពុជាវិញ កំពុងតែអភិវឌ្ឍ បែបជាមានសុវត្ថិភាពទៅវិញ ជាងប្រទេសមហាអំណាចមួយចំនួន។

ទន្ទឹមនឹងនេះ សម្តេចបវរធិបតី បានកោតសរសើរសមត្ថកិច្ចដែលបានខំដោះស្រាយបញ្ហាសន្តិសុខ ពិសេសការឃាត់ខ្លួនចោរឆក់កាបូបអ្នកផលិតមាតិកាលើបណ្ដាញសង្គមបរទេសម្នាក់ កាលពីប៉ុន្មានថ្ងៃមុន បានឆាប់រហ័ស។

សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ថ្ងៃមុនមានអ្នកថតមួយ គាត់ចោរឆក់ ១ ឬ ២ ម៉ោងក្រោយ ប៉ូលីសយើងចាប់បាន។ សូមអរគុណណាស់ ប្រាប់ ឯកឧត្តម ជួនណារិន្ទ ថា អរគុណសមត្ថកិច្ចរបស់យើង បានខិតខំដោះស្រាយបញ្ហានេះ»៕