ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនផលិតចំណីសត្វចំនួន៦ បានចុះអនុស្សរណៈស្តីពីការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើម

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដ៏ទៃទៀតរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនផលិតចំណីសត្វចំនួន ៦ រួមមានក្រុមហ៊ុនអិមភីក អេស៊ីអិមស៊ី (ខេមបូឌា), ក្រុមហ៊ុនបេតាហ្រ្គោ (ខេមបូឌា) ខមភេនី លីមីធីត, ក្រុមហ៊ុនអេហ្រ្គី-ម៉ាស្ទ័រ ខូអិលធីឌី, ក្រុមហ៊ុន ឌឹ ហឺស្ស ធីអិមអេច, ក្រុមហ៊ុន អេ អេន ធី ហ្វីដ ឯ.ក, និងក្រុមហ៊ុន ស៊ីជេ ជេលជីដាងហ្វីដ (ខេមបូឌា) ខូអិលធីឌី នាព្រឹកថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម រាជធានីភ្នំពេញ។

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ក្រសួងពាណិជ្ជកម្ម នឹងសហការសម្របសម្រួលជាមួយក្រុមហ៊ុនទាំង៦ ដើម្បីប្រមូលទិញពោតក្រហមចំនួន ១៨៩ ០០០ តោន ដំឡូងមីចំនួន ៨១ ៦០០ តោន កញ្ជុងអង្ករចំនួន ៥១ ១៣០ និងកន្ទក់ចំនួន ៥៧ ៧៣០ តោន។

ទាំងនេះបានបង្ហាញឱ្យឃើញពីការចូលរួមជំរុញការវិនិយោគទៅលើការកែច្នៃកសិផលនៅក្នុងស្រុក ក៏ដូចជាបង្កើនគុណតម្លៃ និងការពង្រឹងខ្សែច្រវាក់តម្លៃផលិតផលស្របពេលដែលកម្ពុជាកំពុងតែជួបប្រទះបញ្ហាការកើនឡើងថ្លៃដើមចំណីសត្វ  ព្រមទាំងបង្កើនឱកាសធុរកិច្ចក្នុងការអភិវឌ្ឍន៍វិស័យកសិ-ពាណិជ្ជកម្ម និងលើកស្ទួយសេដ្ឋកិច្ច-សង្គមប្រកបដោយបរិយាប័ន្ន៕