
កាលពីពេលថ្មីៗនេះ មានការចុះផ្សាយលើបណ្តាញសារព័ត៌មាន និងបណ្ដាញសង្គម ពាក់ព័ន្ធករណី បុគ្គលឈ្មោះ សែម សុខគា ដែលអះអាងថា ខ្លួនជាពលរដ្ឋរស់នៅក្នុងតំបន់អន្ទង់អាំង (ភ្នំ១៥០០) ខេត្តពោធិ៍សាត់ ហើយដាក់បណ្ដឹងស្នើសុំឱ្យក្រសួងយុត្តិធម៌ ធ្វើអន្តរាគមន៍លើសំណុំរឿងពាក់ព័ន្ធនឹងរឿងដីធ្លីនៅតំបន់ភ្នំ១៥០០។

ពាក់ព័ន្ធករណីខាងលើនេះ អ្នកនាំពាក្យនៃក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ក្រសួងយុត្តិធម៌ បានទទួលរួចហើយនូវពាក្យបណ្ដឹងពីបុគ្គលឈោ្មះ សម សុខគា កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ហើយបាន និងកំពុងធ្វើការពិនិត្យស្រាវជ្រាវករណីនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ស្តីពី ចំណាត់ការលើបណ្ដឹងសុំអន្តរាគមន៍លើករណីនេះ បានបញ្ជាក់ថា ដើម្បីមានភាពច្បាស់លាស់ និងត្រឹមត្រូវនៅក្នុងចំណាត់ការរឿងនេះ ក្រសួងយុត្តិធម៌នឹងចាត់ក្រុមការងារចុះស្រាវជ្រាវដោយផ្ទាល់បន្ថែមនៅទីតាំងជាក់ស្ដែង ក៏ដូចជាជួបផ្ទាល់ជាមួយម្ចាស់បណ្ដឹង ព្រមទាំងភាគី ដែលមានការពាក់ព័ន្ធ ដើម្បីពិនិត្យ និងស្រាវជ្រាវករណីនេះឱ្យបានត្រឹមត្រូវទៅតាមនីតិវិធីជាធរមាន។

ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ប្រសិនបើរកឃើញអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ មានភាពមិនប្រក្រតី អយុត្តិធម៌ នោះក្រសួងសាមីនិងមានចំណាត់ការតាមច្បាប់ដោយគ្មានការលើកលែងឡើយ៕





Leave a Reply