
ព្រៃវែង៖ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែតុលា និងលើកទិសដៅខែវិច្ឆិកា ឆ្នាំ២០២៤ របស់គណកម្មាធិកាបក្សឃុំបឹងព្រះ កាលពីរសៀលថ្ងៃសៅរិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ លោក រ៉ូ ប៊ីនណៃ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំបឹងព្រះ បានមានប្រសាសន៍ថា ការបម្រើពលរដ្ឋនៅក្នុងមូលបានឱ្យបានល្អ និងការចូលរួមការពារសុខសន្តិភាព គឺជាការបំពេញបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំយើង និងពលរដ្ឋយើង។

លោកប្រធានក្រុមការងារ ក៏បានក្រើនរំលឹកឱ្យមន្រ្តីគណបក្សនៅមូលដ្ឋានយកចិត្តទុកដាក់ពង្រឹងសកម្មភាពការងារប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវ ដើម្បីធានានិរន្តភាពការងារប្រចាំថ្ងៃឱ្យមានប្រសិទ្ធិភាពខ្ពស់ ជាពិសេស លើការងារពង្រឹងសតិអារម្មណ៍របស់ប្រជាពលរដ្ឋ ការងារមនុស្សធម៌ ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ការអភិវឌ្ឍភូមិឃុំ ការដោះស្រាយបញ្ហាប្រឈម និងទុក្ខលំបាកនានា និងការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋឱ្យបានល្អ និងទាន់ពេលវេលា សំដៅទទួលបានប្រជាប្រិយភាពបន្ថែមទៀត ឆ្ពោះទៅទទួលបានជ័យជំនះជូនគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ មានសមត្ថភាពពេញលេញក្នុងការធានារក្សាការពារបាននូវសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ស្ថិរភាពនយោបាយ ការអភិវឌ្ឍ ការលើកកំពស់សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស សម្តេចក្រឡាហោម ស ខេង ជាអនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង និង ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង។

លោក បានបន្តថា ប្រមុខដឹកនាំគណបក្សយើង បានខិតខំប្រឹងអស់កម្លាំងកាយចិត្តមិនខ្លាចនឿយហត់ទាំងយប់ទាំងថ្ងៃ ដើម្បីគណបក្សយើងរឹងមាំ ទទួលបានការស្រលាញ់គាំទ្រពីប្រជាជនគ្រប់ស្រទាប់វណ្ណៈ និងដើម្បីបុព្វហេតុការពារសន្តិភាព ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងភាពរីកចម្រើនរុងរឿងរបស់ប្រទេសជាតិយើងទាំងមូល។ សន្តិភាពពិតជាមានតម្លៃខ្លាំងណាស់! សន្តិភាពដែលយើងមានសព្វថ្ងៃ គឺកើតចេញពីការបូជាសាច់ស្រស់ឈាមស្រស់របស់ថ្នាក់ដឹកនាំរបស់យើង! ដូច្នេះ ក្នុងនាមជាមន្រ្តីសកម្មរបស់គណបក្ស គឺត្រូវតែសកម្ម ទាំងស្មារតី ឆន្ទៈ និងកម្លាំង ហើយត្រូវស្មោះស្ម័គ្របម្រើគណបក្ស និងប្រជាជន និងត្រូវចូលរួមការពារសន្តិភាពឱ្យខានតែបាន ទោះក្នុងតម្លៃណាក៏ដោយ។

ជាមួយគ្នានោះដែរ លោកប្រធានក្រុមការងារ ក៏បានថ្លែងកោតសរសើរចំពោះលទ្ធផលការងារដ៍ល្អប្រសើរ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីគណបក្សនៅមូលដ្ឋាន ក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋ និងការរួមចំណែកក្នុងកិច្ចការពារសន្តិភាព នាពេលកន្លងមក។

ក្នុងឱកាសនោះដែរ ឯកឧត្ដមប្រធាន បានណែនាំឱ្យថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារគណបក្ស និងមន្រ្តីគណបក្សនៅមូលដ្ឋាន ត្រូវមានសាមគ្គីភាពគ្នាល្អ សហការគ្នាល្អ រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ជាគ្រួសារតែមួយ ដើម្បីតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជន៕

Leave a Reply