រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ការពង្រឹងសមត្ថភាពវិជ្ជាជីវៈអ្នកសារព័ត៌មាន បានរួមចំណែកធានាលំហព័ត៌មានសម្បូរបែប ប្រកបដោយគុណភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ការពង្រឹងសមត្ថភាព និងក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន បានរួមចំណែកធានាលំហព័ត៌មានសម្បូរបែប ប្រកបដោយគុណភាព និងសុវត្ថិភាព ព្រមទាំងចូលរួមបន្តលើកកម្ពស់សេរីភាពខាងសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។

និន្នាការបច្ចុប្បន្ននេះ អ្នកសារព័ត៌មានទាំងក្នុងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើប បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានពិត និងមានសុក្រិតត្រឹមត្រូវ ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ និងរួមចំណែកដល់ការលើកកម្ពស់វិបុលភាព និងសុខដុមនីយកម្មសង្គម។

ក្នុងឱកាសអនុញ្ញាតឱ្យឧកញ៉ា នូ សូលីដា តំណាងអង្គភាពព័ត៌មាន Cambo Times ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីនាំយកសម្ភារមួយចំនួនជួយគាំទ្រការងារសង្គមចុះជួយមូលដ្ឋានខេត្តក្រចេះ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានណែនាំដល់ស្ថាប័នព័ត៌មាន និងអ្នកផលិតព័ត៌មាន សូមរួមគ្នាផលិតព័ត៌មានល្អៗពីសង្គមជាតិ ព្រមទាំងរួមគ្នាផ្សព្វផ្សាយរឿងវិជ្ជមានរបស់កម្ពុជា ជូនដល់ពិភពលោក ដើម្បីធ្វើយ៉ាងណាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា អភិវឌ្ឍន៍សង្គមជាតិ។

នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា ក្រសួងព័ត៌មានបានធ្វើបច្ចុប្បន្នភាពស្ថិតិនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ដែលមានអង្គភាពសារព័ត៌មានទាំងអស់ជាងពីរពាន់ ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើប ក្នុងនោះស្ថិតិនៃប្រព័ន្ធផ្សព្វផ្សាយអនឡាញមានចំនួនប្រមាណ ១០០០អង្គភាពដែលកំពុងដំណើរការជាប្រចាំក្នុងការផ្សព្វផ្សាយព័ត៌មានបានដោយសេរី និងដោយឯករាជ្យភាព។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា សន្តិសុខព័ត៌មានត្រូវបានពង្រឹងក្នុងអាណត្តិទី៧ នៃក្រសួងព័ត៌មាន ហើយសណ្តាប់ធ្នាប់ក្នុងផ្នែកសារព័ត៌មានត្រូវបានវាយតម្លៃថាមានភាពល្អប្រសើរ រាប់ចាប់តាំងពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣មក ដែលក្រសួងព័ត៌មានបានចាប់ផ្តើមអនុវត្តបេសកកម្មរបស់ខ្លួនក្នុងក្របខណ្ឌនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយក្រសួងបានអនុវត្តសកម្មភាពការងាររបស់ខ្លួនជាប្រចាំដោយផ្តោតលើសន្តិសុខព័ត៌មាន ពោលគឺបានជំរុញសុក្រឹត្យភាព និងប្រសិទ្ធភាពការងារដើម្បីធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋប្រកបដោយគុណភាព និងសុវត្ថិភាព៕