
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា ក្នុងនាមជាថ្នាក់ដឹកនាំវិស័យយុត្តិធម៌ លោក ចង់ឃើញចៅក្រម និងព្រះរាជអាជ្ញា បំពេញការងារដោយត្រឹមត្រូវ មិនវៀចវេរ ផ្ដល់យុត្តិធម៌ពិតប្រាកដជូនពលរដ្ឋ ដោយលោកមិនចង់ឃើញចៅក្រម និងព្រះរាជអាជ្ញាណាម្នាក់ប្រព្រឹត្តកំហុសខុសឆ្គង រហូតត្រូវទទួលរងវិន័យ ឬហូតឈានដល់ការបណ្តេញចេញពីក្របខណ្ឌឡើយ។

ឯកឧត្តម កើត រិទ្ធ លើកឡើងបែបនេះ នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៥ រៀបចំឡើងនារសៀលថ្ងៃទី១២ ខែមីនា នេះ។
នៅចំពោះមុខមន្ត្រីនៃវិស័យយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ សង្កត់ធ្ងន់ដូច្នេះ « ក្នុងនាមជាថ្នាក់ដឹកនាំវិស័យយុត្តិធម៌មួយរូប ខ្ញុំពិតជាមិនចង់ឃើញចៅក្រម ឬព្រះរាជអាជ្ញារូបណា ដែលត្រូវក្លាយជាកម្មវត្ថុនៃការវះកាត់ ឬការលះបង់នៅក្នុងក្របខណ្ឌនៃកំណែទម្រង់ទេ ប៉ុន្តែខ្ញុំចង់ឃើញចៅក្រម ព្រះរាជអាជ្ញា ផ្លាស់ប្ដូរឥរិយាបថរួមគ្នា ដើម្បីតម្កល់នូវឧត្ដមគតិយុត្តិធម៌ បម្រើវិស័យយុត្តិធម៌នេះដោយស្មោះត្រង់ ដើម្បីជាផលប្រយោជន៍នៃអង្គចៅក្រមផង ដើម្បីជាផលប្រយោជន៍នៃសង្គមជាតិរបស់យើងផង »។
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្លែងបែបនេះ បន្ទាប់ពីកាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៥ ចៅក្រម និងព្រះរាជអាជ្ញា២៣រូបរងវិន័យ និង១រូបត្រូវបានបណ្តេញចេញពីក្របខណ្ឌ។
ឯកឧត្តម កើត រិទ្ធ លើកឡើងថា វិស័យយុត្តិធម៌ នៅតែទទួលបានទស្សនៈមួយ គឺត្រីមួយកន្ត្រកស្អុយមួយស្អុយទាំងអស់ ដែលជាទស្សនៈមួយវាយតម្លៃលើមន្ត្រីនៃវិស័យយុត្តិធម៌ទាំងអស់ថាមិនល្អ ទាំងដែលបុគ្គលម្នាក់សោះប្រព្រឹត្តកំហុសឆ្គង។ ដើម្បីបំបាត់នូវទស្សនៈនេះចេញពីផ្នត់គំនិតសង្គមកម្ពុជា លោក កើត រិទ្ធ ប្ដេជ្ញាដកចេញនូវត្រីដែលស្អុយ ឬមន្ត្រីដែលប្រព្រឹត្តកំហុសឆ្គងធ្ងន់ធ្ងរចេញ កុំឱ្យប៉ះពាល់ដល់មន្ត្រីល្អ ស្អាតស្អំ៕

Leave a Reply