សម្ដេចធិបតី ៖ កម្ពុជា-ឥណ្ឌា នៅមានវិស័យសក្ដានុពលជាច្រើនទៀត ដែលជាឱកាសនៃការពង្រីកកិច្ចសហប្រតិបត្តិការ

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជា-ឥណ្ឌា នៅមានវិស័យសក្ដានុពលជាច្រើនទៀត ដែលជាឱកាសនៃការពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជាផលប្រយោជន៍ដល់ប្រទេសទាំងពីរ។

ការលើកឡើងរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ លោក បាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំ កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួប ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយូរអង្វែង រវាងឥណ្ឌា និងកម្ពុជា ដោយលោកបានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានចំណងមិត្តភាព សាមគ្គីភាព និងជាប្រពៃណីជាយូរណាស់មកហើយ។ លោក ឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា កម្ពុជាគឺជាដៃគូដ៏សំខាន់មួយរបស់ឥណ្ឌា។ ដោយយោងលើទំនាក់ទំនងជាច្រើនទសវត្សរ៍ ភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា និងសក្តានុពលជាច្រើនទៀត ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ទំនាក់ទំនងឥណ្ឌា-កម្ពុជាគួរត្រូវបានលើកកម្រិត កាន់ឱ្យតែខ្ពស់ថែមទៀត។ 

ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-ឥណ្ឌា ព្រមទាំងថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ពិសេសការបណ្ដុះបណ្ដាល និងកសាងធនធានមនុស្ស។ 

សម្ដេចបវរធិបតី ក៏បានបង្ហាញនូវជំនឿជឿជាក់ថា តួនាទីរបស់ លោកឯកអគ្គរដ្ឋទូត នឹងចូលរួមចំណែកបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ 

សម្ដេចបវរធិបតី និង ឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីសក្តានុពលសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន មានជាអាទិ៍៖ សេដ្ឋកិច្ច, ពាណិជ្ចកម្ម, ការវិនិយោគ, ការពារជាតិ និងសន្ដិសុខ, ទេសចរណ៍ និងវប្បធម៌, លទ្ធភាពនៃការបង្កើនជើងហោះហើរត្រង់ឥណ្ឌា-កម្ពុជា, ព្រមទាំងការជំរុញការតភ្ជាប់រវាងប្រជាជននិងប្រជាជន ក៏ដូចជា រវាងធុរជននិងធុរជន៕