
ព្រៃវែង ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី “ប្រឡងជ្រើសរើសយុវជនឆ្នើម ផ្នែកចម្រៀង រដូវកាលទី៤ និងផ្នែកសម្រស់ រដូវកាលទី២ វគ្គផ្តាច់ព្រ័ត្រ” រៀបចំឡើងដោយ ក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តព្រៃវែង ដែលបានប្រព្រឹត្តធ្វើឡើងនៅរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបរិវេណសួនសម្តេចក្រឡាហោម ស ខេង ខេត្តព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានអបអរសាទរចំពោះសិស្សដែលប្រឡងជាប់បាននិទ្ទេសAទាំង១១៧រូប នៅក្នុងខេត្តព្រៃវែង ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ពិតណាស់ទន្ទឹមនឹងការខិតខំសិក្សារៀនសូត្ររបស់ប្អូនៗផ្ទាល់ខ្លួន គឺមានឪពុកម្ដាយដែលជាអាណាព្យាបាល ជាតួអង្គដ៏សំខាន់បំផុតនៅពីក្រោយរបស់ប្អូនៗ ដែលគាត់បានលះបង់គ្រប់បែបយ៉ាង រាប់ទាំងធនធានថវិកានិងការជំរុញដល់កូនៗ បានសិក្សារៀនសូត្រ ជាពិសេសរៀនពូកែ បានប្រឡងជាប់និទ្ទេសAដូចនៅពេលនេះ ។ និយាយដោយឡែកនិងនិយាយដោយរួម ទឹកចិត្តនិងការលះបង់របស់ឪពុកម្ដាយ ដែលជាអាណាព្យាបាល មានសម្រាប់កូនៗដូចៗគ្នា មិនមែនតែសម្រាប់ខេត្តណានោះឡើយ ។

ទន្ទឹមនឹងនេះ ទោះប្រឡងជាប់បាននិទ្ទេសA ឬប្រឡងជាប់មិនបាននិទ្ទេសAក៏ដោយ ឯកឧត្តមអភិសន្តិបណ្ឌិត សូមលើកទឹកចិត្តដល់សិស្សទាំងអស់ ខិតខំរៀនសូត្របន្តទៀតឱ្យបានដល់ថ្នាក់ឧត្ដមសិក្សា ព្រោះគ្មានការអភិវឌ្ឍខ្លួនណាមួយ ដោយរំលងការសិក្សាបាននោះទេ ហើយការរៀនក៏មិនកំណត់អាយុនោះដែរ ដូចនេះយើងត្រូវរៀបចំពង្រឹងសមត្ថភាពទាំងចំណេះនិងជំនាញ ដើម្បីខ្លួនយើងផងនិងដើម្បីគ្រួសារផង ។

សូមជម្រាបថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិស្សទុតិយភូមិជាប់ទូទាំងខេត្តព្រៃវែង សរុបចំនួន ៦,៧៨៩នាក់ ដោយទទួលបានលទ្ធផល សិស្សជាប់និន្ទេស A ចំនួន១១៧នាក់ សិស្សជាប់និន្ទេស B ចំនួន៧៦៧នាក់ សិស្សជាប់និន្ទេស C ចំនួន១,៥៨៣នាក់ សិស្សជាប់និន្ទេស D ចំនួន២,២៩៤នាក់ និងសិស្សជាប់និន្ទេស E ចំនួន២,០២៨នាក់ ។ ក្នុងនោះមានយុវតីម្នាក់ ឈ្មោះ ទាវ ជាសុីញ មកពីវិទ្យាល័យចម្រើនវិជ្ជា ខេត្តព្រៃវែង ទទួលបាន និន្ទេសA គ្រប់មុខវិជ្ជា លំដាប់ពិន្ទុ ៩៩.៩៩៨%៕ ដោយ ៖ រាជសីហ៍០២
Leave a Reply