
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទិ្ធជាតិកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន កាយរឹទិ្ធជាតិកម្ពុជា មានសមាជិកសរុប ១៨៥ ៣៥៦នាក់ បាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងកម្មវិធីអប់រំក្រៅប្រព័ន្ធ និងការអប់រំបែបកាយរឹទិ្ធកម្មដ៏មានប្រសិទ្ធភាព។

ក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូននវកាយរឹទិ្ធរៀមច្បងជំនាន់ទី៧ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លោក ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានវាយតម្លៃខ្ពស់ចំពោះពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូននវកាយរឹទ្ធិរៀមច្បងនាថ្ងៃនេះ ដែលពិតជាបានឆ្លើយតបទៅនឹងខ្លឹមសារកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លើកទឹកចិត្តដល់យុវជនកម្ពុជាគ្រប់រូប ត្រូវចូលរួមអនុវត្តគម្រោង និងសកម្មភាពនានាដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព(SDGs)។

លោក ឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា «បច្ចុប្បន្ន កាយរឹទិ្ធជាតិកម្ពុជា មានសមាជិកសរុប ១៨៥ ៣៥៦នាក់ ក្នុងនោះ កាយរឹទិ្ធប្អូន ១៩ ០១៦ នាក់ កាយរឹទិ្ធជំទង់ ១២៧ ៤៣១ នាក់ កាយរឹទិ្ធរៀមច្បង ២២ ៧៣៧ នាក់ មេដឹកនាំកាយរឹទិ្ធ ១៣ ៦៤៧ នាក់ និងសមាជិកកិត្តិយស ២ ៥២៥ នាក់ បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុង កម្មវិធីអប់រំក្រៅប្រព័ន្ធ និងការអប់រំបែបកាយរឹទិ្ធកម្មដ៏មានប្រសិទ្ធភាព ដែលបានគាំទ្រយ៉ាងពេញទំហឹងដល់កម្មវិធីសិក្សាក្រៅម៉ោងបន្ថែមនៅក្នុងស្តង់ដាសាសារៀនគំរូ»។

សូមបញ្ជាក់ថា បេសកកម្មរបស់កាយរឹទិ្ធជាតិកម្ពុជា ពិតជាបានឆ្លើយតបយ៉ាងវិជ្ជមាន និងមានប្រសិទ្ធភាពបំផុត ស្របតាមអនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការលើកកម្ពស់គុណភាពអប់រំ ផ្តោតលើការពង្រឹងគុណភាពសាលារៀនរដ្ឋ ដោយកែប្រែទៅជាសាលារៀនគំរូ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា។ ការអប់រំបែបកាយរឹទិ្ធកម្ម ត្រូវដាក់បញ្ចូលទៅក្នុងសកម្មភាពក្រៅម៉ោងសិក្សា ក្នុងការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់សិស្សនៅតាមសាលារៀនគំរូ៕


Leave a Reply