
ព្រៃវែង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មពិធី “ប្រឡងជ្រើសរើសយុវជនឆ្នើម ផ្នែកចម្រៀង រដូវកាលទី៤ និងផ្នែកសម្រស់ រដូវកាលទី២ វគ្គផ្តាច់ព្រ័ត្រ” ដែលរៀបចំឡើងដោយ ក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបរិវេណសួនសម្តេចក្រឡាហោម ស ខេង ខេត្តព្រៃវែង។

បន្ទាប់ពីបានស្ដាប់នូវសេចក្ដីរាយការណ៍របស់ ឯកឧត្តម បណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារអភិវឌ្ឍ ខេត្តព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ក្នុងនាមប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង ដឹកនាំដោយ ឯកឧត្ដមបណ្ឌិត ងិន បាណាល់ និងថ្នាក់ដឹកនាំទាំងអស់ រួមទាំងផ្នែកពាក់ព័ន្ធ ដែលបានរួមគ្នាចូលរួមចំណែកយ៉ាងសំខាន់ខិតខំបំពេញការងារប្រកបដោយការទទួលខុស ក្នុងស្មារតីលះបង់អស់កម្លាំងកាយចិត្ត ទាំងធនធាន និងពេលវេលា ដើម្បីជួយដល់ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែងរបស់យើង រៀបចំព្រឹត្តិការណ៍ផ្សេងៗជាបន្តបន្ទាប់ ដើម្បីផ្ដល់ឱកាសដល់យុវជន ដែលជាអនាគតទំពាំងស្នងឬស្សី បានបង្ហាញពីសមត្ថភាព ទេពកោសល្យ ភាពក្លាហាន ដកស្រង់បទពិសោធន៍នានាជាមួយកិច្ចការសង្គមរបស់យើង។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍បន្តថា កម្មវិធីយុវជនឆ្នើមដែលផ្តល់ឱកាសឱ្យយុវជនបញ្ចេញសមត្ថភាពផ្នែកសិល្បៈ បានទទួលការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជនក្នុងខេត្តព្រៃវែង ហើយក្រៅពីកម្មវិធីនេះ យើងនៅមានកម្មវិធីជាច្រើនទៀតដែលផ្ដល់ឱកាស និងលើកស្ទួយសមត្ថភាពយុវជនយើង តាមរយៈការបង្កើតកម្មវិធីផ្សេងៗដូចជា ការនិយាយភាសាបរទេសជាសាធារណៈ កម្មវិធីបណ្ដុះបណ្ដាលភាសាបរទេស បណ្ដុះបណ្ដាលជំនាញកំព្យុទ័រ ឌីហ្សាញរូបភាព កាត់តវីដេអូ ឌីជីថល និងមានវគ្គបណ្ដុះបណ្ដាលផ្សេងៗជាច្រើនទៀត។

ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ បន្តមានឆន្ទៈខ្ពស់ តម្កល់ការអភិវឌ្ឍធនធានមនុស្ស។ ការអភិវឌ្ឍធនធានមនុស្ស មិនមែនជាការរៀនសូត្រសុទ្ធទាំងអស់នោះទេ គឺយើងអភិវឌ្ឍចំណេះ ជំនាញ ដែលយើងមានស្រាប់នៅក្នុងខ្លួនក្នុងគោលដៅកែលម្អឱ្យមានភាពរឹតតែល្អប្រសើរឡើង ហើយអ្វីដែលយើងកំពុងធ្វើនៅទីនេះ ក៏ជាការចូលរួមមួយផ្នែកធំក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលហៅថា គ្រាប់ពេជ្រមិនទាន់ឆ្នៃក្នុងខេត្តព្រៃវែងរបស់យើងឱ្យមានការរីកចម្រើនធំធាត់ មានអនាគតល្អ និងមានឱកាសបម្រើការងារជាមួយផលិតកម្ម ឬក្រុមហ៊ុនផ្សេងៗ ដែលបង្កលក្ខណៈដោយក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង។

Leave a Reply