
បាត់ដំបង ៖ តាមរយៈអគ្គកុងស៊ុលថៃ ប្រចាំខេត្តសៀមរាប, លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានស្នើភាគីថៃ បន្តជួយបង្កលក្ខណៈងាយស្រួលដល់ពលករខ្មែរ ក្នុងការវិលត្រឡប់មកលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នាពេលខាងមុខនេះ។

ការលើកឡើងរបស់ លោក សុខ លូ នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក ណារុត សូន្ថរោត្តម (Narut Soontarodom) អគ្គកុងស៊ុលនៃព្រះរាជាណាចក្រថៃ ប្រចាំខេត្តសៀមរាប ដើម្បីរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ ដែលជំនួបនេះធ្វើឡើងនៅសាលាខេត្តបាត់ដំបង នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។
នាឱកាសនោះដែរ លោក អភិបាលខេត្ត បានថ្លែងឱ្យដឹងថា ខេត្តបាត់ដំបងមានច្រកព្រំដែនអន្តរជាតិចំនួន២ និងច្រកតំបន់ចំនួន៣ ដោយមានព្រំប្រទល់ជាប់ប្រទេសថៃប្រវែងជាង ១៤០គីឡូម៉ែត្រ ជាប់ទៅនឹងខេត្តចំនួន៣ របស់ប្រទេសថៃ រួមមាន ៖ខេត្តត្រាត ខេត្តច័ន្ទបុរី និងខេត្តស្រះកែវ។

លោក អភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលថៃ ដែលបានបង្កលក្ខណៈងាយស្រួលដល់បងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាលពីឆ្នាំមុន។
តាមរយៈអគ្គកុងស៊ុលថៃប្រចាំខេត្តសៀមរាប លោកអភិបាលខេត្ត ស្នើភាគីថៃ បន្តជួយបង្កលក្ខណៈងាយស្រួលដល់បងប្អូនពលករខ្មែរ ក្នុងការវិលត្រឡប់មកលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ។
លោក ណារុត សូន្ថរោត្តម ក៏បានស្នើដល់ លោក សុខ លូ និងអ្នកពាក់ព័ន្ធផ្សេងទៀត ជួយរក្សាសន្តិសុខ និងបង្កលក្ខណៈងាយស្រួលដល់ជនជាតិថៃដែលធ្វើដំណើរមកលេងកម្សាន្ត និងបំពេញការងារនៅក្នុងទឹកដីខេត្តបាត់ដំបង។ លោក ណារុត សូន្ថរោត្តម ក៏បានមើលឃើញថា ខេត្តបាត់ដំបង នាពេលបច្ចុប្បន្នកំពុងមានការអភិវឌ្ឍន៍រីកច្រើនឡើងជាលំដាប់។

ក្នុងជំនួបប្រកបដោយភាពស្និទស្នាលនេះ ភាគីទាំងពីរ បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងការដោះដូរពាណិជ្ជាកម្មរវាងខេត្តជាប់ព្រំដែនសំដៅជំរុញប្រែក្លាយតំបន់ព្រំដែនទៅជាព្រំដែនសន្តិភាពធ្វើឱ្យជីវភាពប្រជាពលរដ្ឋនៃប្រទេសទាំងពីរកាន់តែល្អប្រសើរឡើង។
ភាគីទាំងពីរ ក៏បានពិភាក្សាផងដែរអំពីការបន្តកិច្ចសហការរួមគ្នាក្នុងការបង្រ្កាបគ្រឿងញៀន និងបទល្មើសឆ្លងដែនជាពិសេសល្បែងអនឡាញខុសច្បាប់ និងការឆបោកតាមអនឡាញ៕

Leave a Reply