
ភ្នំពេញ ៖ ករណីឃាតកម្មលើស្ត្រីម្នាក់នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលជនសង្ស័យត្រូវជាអតីតប្តី បានចងកសម្លាប់ខ្លួនឯងនៅស្រុកកំណើត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃ១០ មីនា ។

បើតាមការផ្សព្វផ្សាយរបស់ក្រុមការងារ និងប្រតិកម្មរហ័សរបស់ស្នងការរាជធានីភ្នំពេញ កាលពីម៉ោង៧នាថ្ងៃទី១០ មីនា នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវបេតុង ក្រុមទី៦ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មានករណីឃាតកម្មបង្កដោយជនសង្ស័យជាអតីតប្តី ឈ្មោះ ប៊ន សេងហាប់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិនិម្មិត១ ឃុំនិម្មិត្ត ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ។

សពជនរងគ្រោះឈ្មោះ អ៊ុន ស្រីល័ក ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ មុខរបរអ្នករត់តុ។
ជនសង្ស័យ និងជនរងគ្រោះត្រូវជាអតីតប្ដីប្រពន្ធ មានកូនប្រុសចំនួន១នាក់ បានលែងលះគ្នារយៈពេល១ឆ្នាំមកហើយ ។ នៅថ្ងៃកើតហេតុ ជនសង្ស័យត្រូវជាប្ដីជនរងគ្រោះបានមកផឹកស៊ីនៅហាងមួយកន្លែង ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវដែលជាកន្លែងធ្វើការរបស់ជនរងគ្រោះ ចំនួន៣ថ្ងៃជាប់គ្នា ក៏មានទំនាស់ពាក្យសម្ដីជាមួយគ្នា ដោយជនសង្ស័យប្រច័ណ្ឌជនរងគ្រោះថា មានប្រុសផ្សេង។

តាមចម្លើយសាក្សីមុនពេលកើតហេតុ មានការឈ្លោះគ្នាហើយក៏សម្របសម្រួលត្រូវគ្នាវិញ បន្ទាប់មកពួកគេទាំងពីរនាក់បានជិះម៉ូតូជាមួយគ្នាចេញទៅក្រៅ ហើយមេការស្រែកសួរថាឌុបគ្នាទៅណាកុំឈ្លោះគ្នាទៀត ជនសង្ស័យបាននិយាយប្រាប់សាក្សីជាមេការថា នឹងដឹកជនរងគ្រោះយកទៅសម្លាប់ចោលតែម្ដង មេការនឹកស្មានថាជនសង្ស័យនិយាយលេង ហើយពួកគេជិះចេញទៅបាត់។ បន្ទាប់មកជនសង្ស័យក៏បានជិះម៉ូតូឌុបជនរងគ្រោះចេញពីកន្លែងពីធ្វើការ ទៅដល់ចំណុចកើតហេតុក៏ធ្វើសកម្មភាពវាយជនរងគ្រោះ និងខ្ទប់ដង្ហើមបណ្ដាលឱ្យស្លាប់។ ក្រោយធ្វើសកម្មភាព ជនសង្ស័យបានគេចខ្លួនទៅស្រុកកំណើត ខេត្តបន្ទាយមានជ័យ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ ហើយបានទំនាក់ទំនងទៅកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីសហការចាប់ជនសង្ស័យ។ លុះបន្ទាប់មក សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានទទួលព័ត៌មាន នៅវេលាម៉ោង២០ នៅថ្ងៃ១០ មីនា ដដែលថាមានបុរសម្នាក់ចង់កសម្លាប់ខ្លួន ទើបសមត្ថកិច្ចចុះដល់កន្លែងកើតហេតុទៅត្រួតពិនិត្យកោសល្យវិច័យ គឺបុរសរូបនេះពិតជាជនសង្ស័យដែលបានសម្លាប់ជនរងគ្រោះជាអតីតប្រពន្ធរបស់ខ្លួននៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ៕

Leave a Reply