ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ៖ ការអប់រំកុមារតូច ត្រូវរួមបញ្ចូលទ្រឹស្តី និងអនុវត្តជាក់ស្តែង ដើម្បីអភិវឌ្ឍផ្នែកសតិបញ្ញា

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការអប់រំកុមារតូចត្រូវរួមបញ្ចូលទ្រឹស្តី និងអនុវត្តជាក់ស្តែង ដើម្បីជំរុញការអភិវឌ្ឍផ្នែកសតិបញ្ញា ទាមទារនូវរំញោច ឬទំនាក់ទំនងដូចជាការលេងជាដើម។

នាឱកាសអញ្ជើញជាអធិបតីក្នុងវេទិកា បទឧទ្ទេសពិសេសក្រោមប្រធានបទ «តួនាទីនៃការអប់រំកុមារតូចក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា» នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា «ការអប់រំកុមារតូចត្រូវរួមបញ្ចូលទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដើម្បីជំរុញការអភិវឌ្ឍផ្នែកសតិបញ្ញា ទាមទារនូវរំញោច ឬទំនាក់ទំនងដូចជាការលេង ជាដើម។ នៅកម្ពុជា ការវិនិយោគលើគ្រូបង្រៀន ដែលមានការបណ្តុះបណ្តាល សម្ភារៈសិក្សា និងកន្លែងសិក្សាល្អ គឺចាំបាច់ ដើម្បីឱ្យការសិក្សាតាមរយៈការលេងមានប្រសិទ្ធភាព ត្រៀមខ្លួនរួចរាល់សម្រាប់ការសិក្សាកម្រិតបន្តបន្ទាប់ទៀត»។

លោកឧបនាយករដ្ឋមន្ត្រី បន្ដថា ក្របខ័ណ្ឌទស្សនាទាន និងវប្បធម៌សាលារៀន ៖  ការអប់រំកុមារតូចត្រូវការក្របខ័ណ្ឌទស្សនាទានច្បាស់លាស់ និងវប្បធម៌សាលារៀនដែលគាំទ្រ។ វប្បធម៌សាលារៀនវិជ្ជមាន បង្កើតបរិយាកាសដល់កុមារមានអារម្មណ៍ឱ្យចង់ទៅសាលារៀន ចង់ចេះចង់ដឹងពេញមួយជីវិត។ ការស្រាវជ្រាវគ្រប់ជ្រុងជ្រោយ និងការកែលម្អបន្ត ៖ការស្រាវជ្រាវគឺមានភាពចាំបាច់ ដើម្បីស្វែងយល់ពីស្ថានភាពអប់រំកុមារតូច និងកំណត់អ្វីដែលត្រូវកែលម្អ។

លោកឧបនាយករដ្ឋមន្ត្រី បន្ថែមថា បង្រៀនកុមារឱ្យមានភាពឯករាជ្យ និងស្រឡាញ់ការសិក្សារៀនសូត្រពេញមួយជីវិត ដោយទាមទារសាលាគរុកោសល្យមានវឌ្ឍនភាព មានការសិក្សាស្រាវជ្រាវ និងគ្រូបង្រៀនត្រូវមានការបណ្តុះបណ្តាល ច្បាស់លាស់ ជាពិសេសសម្រាប់មត្តេយ្យសិក្សា។ លោក លើកទឹកចិត្តឱ្យក្រុមការងារពាក់ព័ន្ធ រៀនសូត្រពីសាលារៀន ដូចជា ការចុះសង្កេត និងវាយតម្លៃសាលារៀនដោយផ្ទាល់ ស្វែងយល់ពីទំនាក់ទំនងរវាងនាយក នាយិកា និងគ្រូបង្រៀន គ្រូបង្រៀននិងមាតាបិតា ឬគ្រូបង្រៀននិងសិស្សជាដើម ដើម្បីជួយគាំទ្រលើចំណុចខ្វះខាតផ្សេងៗ៕