
នៅថ្ងៃពុធទី៥មីនានេះអ្នកទាំងពីរនឹងធ្វើការពិភាក្សាដើម្បីរឹតចំណងសម្ព័ន្ធភាពផ្នែកសេដ្ឋកិច្ចនិងការសហការណ៍ផ្នែកសន្តិសុខ។ក្រុមប្រឹក្សារដ្ឋប្រទេសភូមាបាននិយាយនៅក្នុងការបើកកិច្ចប្រជុំថា កិច្ចព្រមព្រៀងទ្វេភាគីមានដូចជាកិច្ចការថាមពល វិទ្យាសាស្ត្រ និងផ្នែកបច្ចេកវិទ្យានឹងត្រូវចុះហត្ថលេខា។ ប្រទេសភូមាជា ដៃគូដ៏ជិតស្និតមួយរបស់ប្រទេសរុស្ស៊ីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាមេដឹកនាំយោធាដែលពឹងផ្អែកលើជំនួយសព្វាវុធពីទីក្រុង Kremlin នាប៉ុន្មានឆ្នាំកន្លងមកនេះ។

ប្រទេសចិននិងប្រទេសរុស្ស៊ីជាអ្នកផ្គត់ផ្គង់ប្រព័ន្ធអាវុធធំជាងគេរបស់យោធាប្រទេសភូមា ដែលគេប៉ាន់ប្រមាណជាទឹកប្រាក់ច្រើនជាង ៤០០លានដុល្លារអាមេរិកនិង ២៦០លានដុល្លារបន្ថែមទៀតបន្ទាប់ពីរដ្ឋប្រហារ។នេះបើយោងតាមអ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយនៅខែឧសភា ឆ្នាំ២០២៣។ ពួកយោធាភូមាបានប្រើប្រាស់យន្តហោះចម្បាំងរបស់រុស្ស៊ីក្នុងការរវាយប្រហារតាមផ្លូវអាកាសទៅលើមូលដ្ឋានតស៊ូរបស់ក្រុមប្រឆាំង។

គួរបញ្ជាក់ដែរថាចាប់តាំងពីរដ្ឋប្រហារមក របបយោធាភូមាបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ៦,៣៦៦នាក់ នេះបើយោងតាមសមាគមជំនួយអ្នកទោសនយោបាយ។ សហរដ្ឋអាមេរិកនិង សម្ព័ន្ធមិត្តនៅអឺរ៉ុប បានដាក់ទណ្ឌកម្មជាច្រើនលើកដើម្បីប្រឆាំងរបបយោធា។
ប្រភព: Bangkok Post


Leave a Reply