អ្នកនាំពាក្យរាជរដ្ឋាភិបាល ដាក់ចេញអភិក្រមច្បាស់លាស់មួយចំនួនសម្រាប់មន្ត្រីអ្នកនាំពាក្យ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីការពារសុខសន្តិភាព ភាពសុខសាន្តរបស់ពលរដ្ឋ

ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានដាក់ចេញអភិក្រមច្បាស់លាស់មួយចំនួនសម្រាប់មន្ត្រីអ្នកនាំពាក្យនិងមន្ត្រីអាជ្ញាធរពាក់ព័ន្ធទាំងអស់អនុវត្តជាប្រចាំនៅក្នុងសមរភូមិព័ត៌មាននិងសាធារណមតិដើម្បីការពារសុខសន្តិភាព ភាពសុខសាន្តរបស់ប្រជាពលរដ្ឋក៏ដូចជាការពារសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលចេញពីការមួលបង្កាច់របស់ក្រុមប្រឆាំងជ្រុលនិយម។

អភិក្រមទាំងនោះ មានដូចជា «បើគេបំផ្លើសបំភ្លៃ យើងបំភ្លឺ បើគេប្រឌិត យើងយកការពិតមកបន្សាប»។ 

ការលើកឡើងរបស់ លោក ប៉ែន បូណា បានធ្វើឡើងក្នុងឱកាសដែលលោក បានអញ្ជើញធ្វើជាអធិបតី និងជាវាគ្មិន ក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នៅសាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី លោក ម៉ៅ ឌុង អភិបាលរងខេត្តទទួលបន្ទុកអ្នកនាំពាក្យ ថ្នាក់ដឹកនាំ មន្ត្រីអ្នកនាំពាក្យ និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត មន្ទីរ ក្រុង ស្រុក ឃុំ សង្កាត់ សរុបចំនួនជាង ៣០០នាក់។

ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានពន្យល់ថា នៅក្នុងបរិបទនៃការរីកចម្រើនបច្ចេកវិទ្យាឌីជីថល ក្រុមប្រឆាំងជ្រុលនិយមដែលមិនបានសាងសមិទ្ធផលអ្វីបន្តិចសោះដើម្បីប្រទេសជាតិនិងប្រជាពលរដ្ឋ តែបែរជាប្រើប្រាស់ព័ត៌មានប្រឌិតក្លែងក្លាយ មួលបង្កាច់ ញុះញង់ បំផ្លើសបំភ្លៃជាអាវុធយុទ្ធសាស្ត្រដើម្បីបង្ខូចបង្កាច់រាជរដ្ឋាភិបាលទៅវិញ។ លោក បន្តថា ប្រឈមមុខនឹងនយោបាយទុច្ចរិតបែបឈ្នានីសដ៏ស្មោគគ្រោកនេះ យើងទាំងអស់គ្នាដែលជាអ្នកធ្វើការលើវិស័យព័ត៌មាននិងសាធារណមតិត្រូវតែរួសរាន់បំភ្លឺចំពោះព័ត៌មានបំផ្លើសបំភ្លៃ និងបន្សាបព័ត៌មានប្រឌិតទាំងឡាយដោយមិនទុកលំហឱ្យក្រុមជ្រុលនិយមទាំងនោះចូលមកបំពុលសង្គមជាដាច់ខាត។  

បើតាម អ្នកនាំពាក្យរាជរដ្ឋាភិបាល មានតែការពិតទេដែលជាឱសថសម្រាប់បន្សាបព័ត៌មានក្លែងក្លាយប្រកបដោយប្រសិទ្ធភាព ដើម្បីកុំឱ្យប្រជាពលរដ្ឋយល់ច្រឡំនិងជឿតាមការឃោសនាភូតកុហករបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចដែលរត់គេចពីសំណាញ់ច្បាប់កម្ពុជាទៅរស់នៅឯក្រៅប្រទេស ហើយដែលកំពុងប្រើប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីបម្រើនយោបាយបដិវត្តន៍ពណ៌ដោយប៉ុនប៉ងផ្សងព្រេងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ 

ប៉ុន្តែ តាមរយៈព័ត៌មានពិតដែលផ្តល់ជូនប្រជាពលរដ្ឋតាមអភិក្រមខាងលើ និងសកម្មភាពបុរេសកម្មនានា ដែលបង្ហាញពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក្រុមប្រឆាំងជ្រុលនិយមកាន់តែឯកោពីមួយថ្ងៃទៅមួយថ្ងៃប្រៀបដូចចង្កៀងអស់ប្រេង។ នេះជាការកត់សម្គាល់របស់ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៕