
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំ គ្រឹះស្ថានឧត្តមសិក្សា ស្តីពី ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវបញ្ញាសិប្បនិម្មិត(AI) សម្រាប់ការអប់រំ ។

គោលបំណងនៃការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវបញ្ញាសិប្បនិម្មិត(AI) គឺដើម្បីជាជំនួយដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ឱ្យប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត(AI) សមស្របនឹងសីលធម៌នៃការប្រើប្រាស់ ជួយគាំទ្រដល់គ្រូបង្រៀន និងសិស្សានុសិស្ស ឱ្យប្រើប្រាស់ (AI) ដើម្បីបង្កើនគុណភាពអប់រំ ធ្វើឱ្យការរៀនសូត្រកាន់តែមានលក្ខណៈផ្ទាល់ខ្លួន និងមានប្រសិទ្ធភាព ជួយគាំទ្រដល់គ្រូបង្រៀនក្នុងការបង្កើតមាតិកាមេរៀន ដើម្បីធ្វើឱ្យមេរៀនងាយស្រួលយល់ និងចំណេញពេលវេលា ក្នុងគោលដៅឱ្យគ្រូបង្រៀនមានពេលវេលាគ្រប់គ្រាន់ក្នុងការស្រាវជ្រាវ និងបណ្តុះបណ្តាលគុណភាពបង្រៀនរបស់ខ្លួន។

បន្ទាប់ពីបានធ្វើបទបង្ហាញ និងផ្លាស់ប្តូរមតិយោបល់របស់អ្នកពាក់ព័ន្ធរួចមក លោក ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់គ្រឹះស្ថានឧត្តមសិក្សា និងក្រុមការងារពាក់ព័ន្ធ ឱ្យកំណត់លក្ខខណ្ឌ និងទិន្នន័យនៃការប្រើប្រាស់ (AI) ដោយអាចប្រើប្រាស់ក្នុងការវាស់ស្ទង់សមត្ថភាព និងវាយតម្លៃសមត្ថភាពសិស្សលើសពីពិន្ទុរបស់សិស្ស ដូចជាការកំណត់ចំណុចខ្លាំង និងចំណុចខ្សោយ ងាយស្រួលក្នុងការពង្រឹងចំនុចខ្វះខាតរបស់សិស្ស និងបានគាំទ្រនូវគំនិតផ្តួចផ្តើមនៃការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវបញ្ញាសិប្បនិម្មិត(AI) សម្រាប់ការអប់រំ និងលើកទឹកចិត្តឱ្យឧត្តមសិក្សាផ្សារភា្ជប់ជាមួយមធ្យមសិក្សា និងបឋមសិក្សាក្នុងការដាក់បញ្ចូលក្នុងកម្មវិធីអប់រំ កំណត់មុខជំនាញដែលមានសារៈសំខាន់ពាក់ព័ន្ធនឹង(AI)។

លោក ឧបនាយករដ្ឋមន្ត្រី បន្ដថា ដើម្បីឆ្លើយតបនឹងទីផ្សារការងារនាពេលបច្ចុប្បន្ន និងនាពេលអនាគត ជាពិសេសរៀបចំឱ្យមានការប្រកួតប្រជែងសម្រាប់គ្រូបង្រៀន និងសិស្សក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត(AI)នេះ សម្រាប់ការរៀន និងបង្រៀន នៅកម្រិតឧត្តមសិក្សា និងមធ្យមសិក្សា ដើម្បីលើកទឹកចិត្ត និងគាំទ្រឱ្យមានការចូលរួមកាន់តែទូលំទូលាយ និងបានជឿជាក់ថា កិច្ចប្រជុំនេះគឺជាជំហានដំបូងដ៏សំខាន់មួយក្នុងការជំរុញ និងបង្កើនគុណភាពអប់រំនៅកម្ពុជា ជាពិសេសផ្តល់ឱកាសដល់សិស្សានុសិស្សឱ្យទទួលបានការអប់រំដែលមានគុណភាព និងភាពងាយស្រួលក្នុងការរៀនសូត្រទូទាំងប្រទេស៕



Leave a Reply