
ភ្នំពេញ ៖ ក្នុងពេលទទួលជួបជាមួយលោកស្រី Nellie GHUSAYNI ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំកម្ពុជា នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ប្រជាសហគមន៍តំបន់ការពារធម្មជាតិ នឹងមិនចាកចេញពីស្រុកកំណើតនោះទេ ប្រសិនជាពួកគេរស់នៅ មានប្រាក់ចំណូលប្រចាំថ្ងៃគ្រប់គ្រាន់។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានថ្លែងបន្ថែមថា ក្រសួងបរិស្ថាន បាននិងកំពុងដាក់ចេញការអភិវឌ្ឍគោលដៅលំហែបៃតង ដើម្បីលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋរស់នៅតាមសហគមន៍តំបន់ការពារធម្មជាតិ និងចូលរួមកាន់តែប្រសើរ ដល់ការការពារនិងអភិរក្សធនធានធម្មជាតិផងដែរ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ដែរថា ការរៀបចំគោលដៅលំហែបៃតងនេះ គឺមានគោលបំណងលើកស្ទួយជីវភាពប្រជាសហគមន៍ នៅតាមតំបន់ការពារធម្មជាតិ ដើម្បីឱ្យពួកគេមានប្រាក់ចំណូលប្រចាំថ្ងៃ តាមរយៈការផ្តល់សេវាទេសចរណ៍ធម្មជាតិ ដែលបានផ្សារភ្ជាប់ពីតំបន់មួយទៅតំបន់មួយទៀត ឬហៅថា របៀងគោលដៅលំហៃបៃតង។ និយាយជារួមការអភិវឌ្ឍ នៅតាមសហគមន៍មូលដ្ឋានបែបនេះ នឹងមិនធ្វើឱ្យប្រជាពលរដ្ឋធ្វើចំណាកស្រុកឡើយ ពីព្រោះពួកគេមានការងារក្នុងស្រុក និងមានចំណូលណិងស្បៀងបានគ្រប់គ្រាន់។

សូមជម្រាបជូនថា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ លោកស្រី Nellie GHUSAYNI បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដែលក្រសួងបរិស្ថានបាននិងកំពុងអនុវត្តដូចជា ការគ្រប់គ្រងសំរាម ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការបណ្តុះកូនឈើ និងចែកកូនឈើជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីយកទៅដាំស្តារព្រៃ ដាំនៅតាមទីក្រុងហ ទីសាធារណៈនានា បង្កើនគម្របបៃតង ឆ្ពោះទៅសម្រេចគោលដៅកម្ពុជាជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០ និងការលើកស្ទួយជីវភាពប្រជាសហគមន៍ ឱ្យមានការរស់នៅប្រកបដោយចីរភាព៕

Leave a Reply