
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាល ត្រៀមនឹងដាក់ឱ្យអនុវត្តនូវកម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ ឆ្នាំ២០២៥ – ២០២៨។

ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្តីពី យុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា ៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព ព្រមទាំងកំណត់យកនូវ អាទិភាពគន្លឹះចំនួន៥៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា ដែលមានការគិតគូរជាលក្ខណៈ យុទ្ធសាស្ត្រដោយឈរលើគោលការណ៍២ សំខាន់ៗ គឺ៖ ទី១៖ បន្តថែរក្សាឱ្យបាន នូវសន្តិភាព ដែលជាកត្តាសត្យានុម័ត ក្នុងការកសាងខឿនអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច និងទី២៖ បន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ពន្លឿនកិច្ចអភិវឌ្ឍប្រទេសជាតិ ក្នុងដំណើរឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០។

សម្ដេចបវរធិបតី បន្ដថា ផ្អែកលើយុទ្ធសាស្ដ្រនេះ ក្នុងរយៈពេលជាង១៩ខែកន្លងទៅនេះ, រាជរដ្ឋាភិបាល បានបន្តដាក់ចេញ និងអនុវត្តកម្មវិធី, យន្តការកែទម្រង់ និងវិធានការឆ្លើយតបជាបន្តបន្ទាប់។ ជាក់ស្ដែង, ពាក់ព័ន្ធនឹង «កម្មវិធីគោលនយោបាយអាទិភាព ៦» និង «វិធានការគន្លឹះទាំង ៥», រាជរដ្ឋាភិបាលបានដាក់ចេញយន្តការអនុវត្ត និងបន្តតាមដាន និង វាយតម្លៃ ដែលកន្លងទៅនេះ យើងអាចនិយាយបានថា ទទួលបាននូវលទ្ធផលគួរជាទីមោទនៈ។

សម្ដេចបវរធិបតី មានប្រសាសន៍ថា «ទន្ទឹមនឹងនេះ ក្នុងគោលដៅជំរុញពិពិធកម្មសេដ្ឋកិច្ច, បង្កើនភាពប្រកួតប្រជែង និងពង្រឹងភាពធន់, រាជរដ្ឋាភិបាល ត្រៀមនឹងដាក់ឱ្យអនុវត្តនូវ «កម្មវិធីលើកកម្ពស់ភាព ប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ ឆ្នាំ ២០២៥ – ២០២៨» ដោយផ្តោតលើសសរស្តម្ភ ៣ សំខាន់ៗ៖ ទី១៖ កម្មវិធីគាំទ្រសេដ្ឋកិច្ចតាមវិស័យក្នុង រយៈពេលខ្លីទៅមធ្យម តាមរយៈការដាក់ចេញនូវវិធានការគោលនយោបាយមុតស្រួច និងចំគោលដៅ, ទី២៖ កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលមានលក្ខណៈជារចនាសម្ព័ន្ធ, ស្មុគស្មាញ និងអន្តរវិស័យ និងទី៣៖ កម្មវិធីត្រៀមលក្ខណៈចាកចេញពីចំណាត់ ក្រុមប្រទេសអភិវឌ្ឍតិចតួច ដើម្បីធានានូវការចាកចេញដោយរលូន៕



Leave a Reply