ក្រសួងមហាផ្ទៃ ស្នើគណបក្សសន្តិភាពជាតិ ត្រូវកែសម្រួលខ្លឹមសារក្នុងលក្ខន្តិកៈឱ្យបានត្រឹមត្រូវ ស្របតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ ឡើងវិញ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ស្នើគណបក្សសន្តិភាពជាតិ ត្រូវកែសម្រួលខ្លឹមសារក្នុងលក្ខន្តិកៈឱ្យបានត្រឹមត្រូវ ស្របតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ ឡើងវិញ រួចហើយត្រូវផ្ញើជូនមកក្រសួងមហាផ្ទៃ ក្នុងរយៈពេលយ៉ាងយូរ១៥ ជាកំហិត។

យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ ជម្រាបជូន លោក រស់ សារ៉ុម ប្រធានគណៈកម្មាធិការបណ្ដោះអាសន្ន គណបក្សសន្ដិភាពជាតិ បានឱ្យដឹងថា ក្រសួងមហាផ្ទៃ បានទទួលរួចហើយ នូវសំណើសុំចុះបញ្ជី “គណបក្សសន្តិភាពជាតិ” ក្នុងបញ្ជីឈ្មោះគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។

ពាក់ព័ន្ធនឹងសំណើនេះ ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា លក្ខន្តិកៈគណបក្សមានទម្រង់ នៃការសរសេរទុកចន្លោះទំនេរចោលក្នុងទំព័រជាច្រើន ត្រង់ជំពូក និងផ្នែកនីមួយៗ នៃលក្ខន្តិកៈ និងខ្លឹមសារ ក្នុងប្រការមួយចំនួនមានលក្ខណៈផ្ទុយនឹងបញ្ញត្តិមាត្រា១០ នៃច្បាប់ស្តីពីគណបក្សនយោបាយ រួមមាន៖ ប្រការ៩ ប្រការ១៧ ប្រការ២០ ប្រការ២៣ ប្រការ៣០ និងប្រការ៥០ ព្រមទាំងខ្លឹមសារចែងនៅក្នុងបុព្វកថា ពុំបាន ឆ្លុះបញ្ចាំងពីតថភាព ស្ថានភាពពិតជាក់ស្តែង នៃការវិវឌ្ឍរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមរបស់ព្រះរាជាណាចក្រ កម្ពុជាឡើយ។ 

លើមូលដ្ឋានដូចបានគូសបញ្ជាក់ជូនខាងលើ ក្រសួងមហាផ្ទៃ ស្នើឱ្យ គណបក្សសន្តិភាពជាតិ ត្រូវកែសម្រួលខ្លឹមសារក្នុងលក្ខន្តិកៈឱ្យបានត្រឹមត្រូវស្របតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ ឡើងវិញ រួចហើយត្រូវផ្ញើជូនមកក្រសួងមហាផ្ទៃ ក្នុងរយៈពេលយ៉ាងយូរ១៥ (ដប់ប្រាំ)ថ្ងៃ គិតចាប់ពីថ្ងៃទទួល លិខិតជូនដំណឹងជាកំហិត។

 ក្នុងករណី មិនអនុវត្តតាមស្មារតី នៃលិខិតជូនដំណឹងនេះ ក្រសួងមហាផ្ទៃ នឹងមិន អនុញ្ញាតចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយឡើយ៕