សម្តេចតេជោ ហ៊ុន សែន សម្ដែងការសោកស្តាយដែលសារព័ត៌មាន និងអ្នកនយោបាយខ្លះ ចាត់ទុកជោគជ័យក្នុងការបង្រ្កាបបទល្មើសឆបោករបស់ថៃ ជាបរាជ័យរបស់ប្រទេសជិតខាង

នាល្ងាចថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនសម្ដែងការសោកស្តាយដែលសារព័ត៌មាន និងអ្នកនយោបាយខ្លះ ចាត់ទុកជោគជ័យក្នុងការបង្រ្កាបបទល្មើសឆបោករបស់ថៃ ជាបរាជ័យរបស់ប្រទេសជិតខាង។

សម្ដេចបានសរសេររៀបរាប់ថា៖ «មួយរយៈចុងក្រោយនេះ ព្រះរាជាណាចក្រថៃ បានខិតខំយ៉ាងខ្លាំងក្នុងការបង្រ្កាបបទល្មើសឆបោក ដែលកម្ពុជាក៏សូមចូលអបអរសាទរជាមួយជោគជ័យទាំងនេះ។ 

ជាមួយជោគជ័យរបស់ប្រទេសថៃ ប្រទេសជាប់ព្រំដែនថៃ រាប់ទាំងកម្ពុជាផង ក៏បានប្រឹងប្រែងបង្រ្កាបដូចគ្នាដែរ។ 

អ្វីដែលគួរឲ្យសោកស្តាយនោះគឺជោគជ័យរបស់ប្រទេសថៃ ត្រូវបានសារព័ត៌មាន និងអ្នកនយោបាយខ្លះផងចាត់ទុកថា ជាបរាជ័យនៃប្រទេសជិតខាងរាប់ទាំងកម្ពុជាផងដែរ។ 

រឿងបទល្មើសមិនទាន់ចប់ទេ នៅបន្តបង្រ្កាបតទៅទៀត ដែលទាមទារនូវកិច្ចសហការអន្តររដ្ឋាភិបាល ទើបអាចធ្វើទៅមានប្រសិទ្ធភាព»៕