
ព្រៃវែង៖ ឯកឧត្តម បណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែងបានមានប្រសាសន៍ថា កម្មវីធីយុវជនឆ្នើមមានគោលបំណងផ្តល់ឱកាសឱ្យយុវជនបញ្ចេញទេពកោសល្យល្អៗផ្នែកសិល្បៈទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន ដើម្បីអភិវឌ្ឍសមត្ថភាព បន្ថែមពីលើការសិក្សារៀនសូត្រ។

ឯកឧត្តមបណ្ឌិត មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញធ្វើសេចក្តីរាយការណ៍ជូនគណៈអធិបតី ក្នុងកម្មវិធីប្រឡងជ្រើសរើសយុវជនឆ្នើម ផ្នែកចម្រៀង រដូវកាលទី៤ និងផ្នែកសម្រស់ រដូវកាលទី២ វគ្គផ្តាច់ព្រ័ត្រ ដែលប្រារព្វធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង នាល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសួនសម្តេចក្រឡា ហោម ស ខេង ស្ថិតក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។

ឯកឧត្តមបណ្ឌិត បានបន្ថែមថា ក្រៅពីកម្មវិធីនេះ យើងនៅមានកម្មវិធីជាច្រើនទៀតដែលផ្ដល់ឱកាស និងលើកស្ទួយសមត្ថភាពយុវជនយើង តាមរយៈការបង្កើតកម្មវិធីផ្សេងៗដូចជា ការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា កម្មវិធីវោហាឆ្នើម ដែលបេក្ខជនអាចបញ្ចេញសមត្ថភាពនិយាយភាសាបរទេសជាសាធារណៈ កម្មវិធីបណ្ដុះបណ្ដាលភាសាបរទេស កម្មវិធីរៀនបំប៉នបន្ថែមនូវមុខវិជ្ជាមួយចំនួន រួមទាំងការត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(ថ្នាក់ទី១២) កម្មវិធីបណ្ដុះបណ្ដាលជំនាញកំព្យុទ័រ ឌីហ្សាញរូបភាព កាត់តវីដេអូ ឌីជីថល និងមានវគ្គបណ្ដុះបណ្ដាលផ្សេងៗជាច្រើនទៀត ជាពិសេស គឺកម្មវិធីអាហារូបករណ៍ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលត្រូវបានដាក់បញ្ចូលទៅក្នុងរចនាសម្ព័ន្ធនៃក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង។ ដូច្នេះកម្មវិធីយុវជនឆ្នើម ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនទៀតរបស់ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី និងសប្បុរសជននានាដែលបានឧបត្ថម្ភគាំទ្រដល់កម្មវិធីយុវជនឆ្នើម ឱ្យទទួលបានជោគជ័យរហូតដល់ពេលនេះ។
សូមជម្រាបថា វគ្គផ្តាច់ព្រ័ត្រកំពុងរៀបចំនៅថ្ងៃនេះ មានបេក្ខជនបេក្ខនារីចូលរួមប្រឡងសរុបចំនួន៣០នាក់ លើ៣វិញ្ញាសា គឺផ្នែកចម្រៀង ផ្នែកសម្រស់បុរស និងផ្នែកសម្រស់នារី។ ក្នុងចំណោមបេក្ខជនបេក្ខនារីទាំង៣០នាក់ នឹងត្រូវជ្រើសរើសយកមានតែ៣នាក់ប៉ុណ្ណោះ សម្រាប់ជាម្ចាស់ជ័យលាភី ដែលនឹងត្រូវទទួលបានម៉ូតូម្នាក់១គ្រឿង និងថវិកាម្នាក់១ពាន់ដុល្លារសហរដ្ឋអាមេរិក ដែលឧបត្ថម្ភនិងគាំទ្រដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី៕
Leave a Reply