អភិបាលខេត្តបាត់ដំបង ណែនាំអាជ្ញាធរទប់ស្កាត់ការរំលោភដីចំណីផ្លូវ ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋតាមដងផ្លូវ

បាត់ដំបង ៖ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបន្តណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ រឹតបន្តឹងលើការគ្រប់គ្រងចំណីផ្លូវ ទប់ស្កាត់ការរំលោភដីចំណីផ្លូវ ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋតាមដងផ្លូវ។

ការលើកឡើងរបស់ លោក អភិបាលខេត្ត នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុល កំណាត់ផ្លូវខេត្តលេខ១៥៧១ ក្រាលកៅស៊ូDBST ប្រវែង៤ ០០០ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង និងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។

ឆ្លៀតក្នុងឱកាសនេះ លោក សុខ លូ បានផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ដើម្បីចូលរួមទប់ស្កាត់ ក៏ដូចជាកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាប ដោយបើកបរបង្កើនការប្រុងប្រយ័ត្ន រក្សាសណ្តាប់ធ្នាប់ និងមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ។

លោក អភិបាលខេត្ត បានមានប្រសាសន៍ណែនាំបន្ថែមដល់លោក អភិបាលក្រុង ស្រុក ឃុំ សង្កាត់ដែលពាក់ព័ន្ធ ត្រូវរៀបចំដាំដើមឈើតាមសងខាងផ្លូវ ដើម្បីលម្អ និងលើកកម្ពស់សោភ័ណភាពតាមដងផ្លូវនេះ។លើសពីនេះឯកឧត្តម បានបន្តណែនាំដល់លោកមេឃុំ និងអ្នកពាក់ព័ន្ធផ្សេងទៀតរឹតបន្តឹងលើការគ្រប់គ្រងចំណីផ្លូវ ទប់ស្កាត់ការរំលោភដីចំណីផ្លូវ ដើម្បីរក្សាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋតាមដងផ្លូវ ។

លោក អភិបាលខេត្ត បានបន្តស្នើដល់បងប្អូនប្រជាពលរដ្ឋចូលរួមផ្សព្វផ្សាយ និងចៀសឆ្ងាយពីគ្រឿងញៀន ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន មិនត្រូវដុតជញ្រ្ជាំង សំរាមប្លាស្ទិក កាកសំណល់ផ្សេងៗត្រូវបញ្ឈប់ទាំងអស់ និងយកចិត្តទុកដាក់ថែរក្សាសុខភាព ៕