
មន្រ្តីជំនាញនៃក្រសួងសាធារណៈការនិងដឹកជញ្ជូន នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤បានបញ្ជាក់ថា ស្ពានលេខ២៨ នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ គឺជាស្ពានខ្ពស់ជាងគេនៅកម្ពុជា ដែលមានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ សម្រេចការសាងសង់បាន ៧៩%ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់សាកល្បង នៅចុងខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ស្ពានខ្ពស់ជាងគេនេះ មានចំណុចកណ្តាលស្ពាន ស្ថិតនៅត្រង់គីឡូម៉ែត្រលេខ ១២៨+៩០៥ ហើយកាត់តាមជ្រលងស្ទឹងឫស្សីជ្រុំ មានមុំប្រសព្វ ៩០ដឺក្រេ ស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ស្ពានខ្ពស់ជាងគេនេះ ជាស្ពាននៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ការធ្វើដំណើរ កាន់តែងាយស្រួល ចំនួន០៣ខេត្ត គឺខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង ) ។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការធ្លាប់ប្រាប់សារព័ត៌មានថា គម្រោងស្ថាបនាផ្លូវជាតិលេខ១០ មានប្រវែងសរុបជាង ១៩៨គ.ម ចាប់ពីផ្លូវជាតិលេខ ៥៧-៧ ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ៕ ដោយ ៖ រាជសីហ៍០៤


Leave a Reply