កម្ពុជា បន្តប្រយុទ្ធនឹងសត្រូវប្លាស្ទិក ដើម្បីជំរុញឱ្យកម្ពុជាមានភាពស្អាត

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា បរិមាណសំណល់ប្លាស្ទិក ដែលកំពុងកើនឡើងច្រើន និងកំពុងបន្ថែមសម្ពាធយ៉ាងខ្លាំងទៅលើប្រព័ន្ធគ្រប់គ្រងសំណល់រឹង និងបរិស្ថាន ដូច្នេះ ចាំបាច់ត្រូវរួមគ្នាប្រយុទ្ធនឹងសត្រូវនេះ ដើម្បីកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា និងជំរុញឱ្យកម្ពុជាមានភាពស្អាត។

 ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារគម្រោង ស្តីពី «ការពង្រឹងសមត្ថភាពដោះស្រាយសំណល់ប្លាស្ទិកនៅទីប្រជុំជន» នាថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន លោករដ្ឋមន្រ្តី បានថ្លែងថា ដើម្បីកម្ពុជាស្អាត បន្ទាប់ពីចំនួនថង់ប្លាស្ទិក ត្រូវបានមើលឃើញមានការបោះចោល និងមានការប្រើប្រាស់ច្រើន នាពេលកន្លងមកក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីគ្រប់គ្រង និងកាត់បន្ថយសំណល់ប្លាស្ទិក ប្រើប្រាស់ឡើងវិញ កែច្នៃ និងទាញយកជាថាមពល ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។ 

លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះគម្រោង ដែលបានចុះហត្ថលេខារួមគ្នានាពេលនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែក ដល់ភាពស្អាត នៅក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ជាពិសេសកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកតែម្តងបោះចោល។ 

លោករដ្ឋមន្រ្តី បានណែនាំឱ្យពង្រឹងការអប់រំបរិស្ថាន តាមរយៈយុទ្ធនាការរបស់ក្រសួងបន្តទៀត នៅតាមសាលារៀន វត្តអារាម រោងចក្រ សហគ្រាស និងសហគមន៍មូលដ្ឋាន និងការផ្តល់ធុងសំរាមដល់មូលដ្ឋាន ដើម្បីលើកកម្ពស់ការគ្រប់គ្រង និងបែងចែកសំរាម សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ។បន្ថែមពីនេះ ត្រូវពិនិត្យរៀបចំលិខិតបទដ្ឋានគតិយុត្តិ ដើម្បីគ្រប់គ្រងប្លាស្ទិក ពិសេសប្លាស្ទិកដែលប្រើតែម្តង ព្រមទាំងជំរុញវិធានលើកកម្ពស់ផលិតផលជំនួសប្លាស្ទិក ការប្រើប្រាស់ប្លាស្ទិកឡើងវិញ ការកែច្នៃប្លាស្ទិក ការសាកល្បងគំនិតផ្តួចផ្តើម ទំនួលខុសត្រូវបន្ថែមរបស់អ្នកផលិត ទាក់ទងនឹងឥណទានប្លាស្ទិកសម្រាប់កម្ពុជា។ 

សូមបញ្ជាក់ថា គម្រោងស្តីពី “ការពង្រឹងសមត្ថភាពដោះស្រាយសំណល់ប្លាស្ទិកនៅទីប្រជុំជន” បានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពីប្រទេសជប៉ុននិងការគាំទ្របច្ចេកទេសពីអង្គការ UNDP ។ គម្រោងស្តីពី «ការពង្រឹងសមត្ថភាពដោះស្រាយសំណល់ប្លាស្ទិកនៅទីប្រជុំជន» នឹងកំណត់គោលដៅតំបន់ទីក្រុង នៅរាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ សៀមរាប និងព្រះសីហនុ និងខេត្តជាប់មាត់សមុទ្រ មានខេត្តកែប កំពត និងកោះកុង ដើម្បីលើកកម្ពស់ការគ្រប់គ្រងសំរាម សំណល់ប្លាស្ទិកប្រកបដោយនិរន្តរភាព៕