ទូតអូស្រ្តាលី បញ្ជាក់អំពីជំហរ ក្នុងការបន្តផ្តល់ជំនួយ និងជួយពង្រឹងប្រព័ន្ធថែទាំសុខភាព នៅកម្ពុជា

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Derek Yip ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលី ប្រចាំកម្ពុជា និងគណៈប្រតិភូ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីស្តីការក្រសួង។

ជាកិច្ចចាប់ផ្តើម លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណដល់រដ្ឋាភិបាលប្រទេសអូស្ត្រាលី ដែលកន្លងមកតែងតែគាំទ្រក្រសួងសុខាភិបាល ក្នុងការកសាងប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំនៅកម្ពុជា តាមរយៈការផ្តល់ជំនួយហិរញ្ញប្បទាន ក្រោមក្របខណ្ឌជំនួយសហប្រតិបត្តិការបច្ចេកទេស និងហិរញ្ញប្បទានឥតសំណងដល់វិស័យសុខាភិបាល ជាពិសេសដល់គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ ដំណាក់កាលទី 2 (ACCESS 2) ការពង្រឹងសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ជាច្រើនមិនអាចកាត់ថ្លៃបាន ជាច្រើនទសវត្សរ៍កន្លងមក ព្រមទាំងបាននិងកំពុងជួយជាបន្តជាបន្តបន្ទាប់រហូតបច្ចុប្បន្ន។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានជម្រាបជូនគណៈប្រតិភូ អំពីផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ក្នុងអាណត្តិទី៧ ដែលត្រូវចាប់ផ្តើមអនុវត្តរួមមាន ការពង្រឹងសេវាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក-ខេត្ត តាមរយៈការកែលម្អអគារ បំពាក់សម្ភារបរិក្ខារពេទ្យ ឱសថ និងការបណ្តុះបណ្តាលបុគ្គលិក ព្រមទាំងការប្រយុទ្ធនឹងជំងឺមិនឆ្លង ការពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំ និងនិវានុវត្តន៍ និងការអភិវឌ្ឍន៍សុខភាពឌីជីថល។

ជាកិច្ចឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ជំហរ ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អូស្ត្រាលី ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន លើវិស័យសុខាភិបាល និងការបន្តផ្តល់អាហាររូបករណ៍ដល់សិស្ស និស្សិត និងមន្ត្រីរាជការកម្ពុជា និងលើកទឹកចិត្តមន្ត្រីសុខាភិបាលផងដែរ៕