
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឱ្យពិនិត្យបានហ្មត់ចត់ចំពោះការលក់ «ភេសជ្ជៈផ្អែម» នៅតាមសាលារៀន ដោយសារបច្ចុប្បន្នមានក្មេងៗជាច្រើនកើតជំងឺទឹកនោមផ្អែម។
នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំ ២០២៤-២០២៥ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាកុមារផឹកភេសជ្ជៈផ្អែមជារឿងគួរឱ្យព្រួយបារម្ភ ព្រោះនឹងបណ្ដាលឱ្យមានជំងឺទឹកនោមផ្អែមទៅថ្ងៃអនាគត ដែលជាបន្ទុកធ្ងន់។

សម្តេចបវរធិបតី មានប្រសាសន៍ថា «សូមឱ្យអប់រំ មិនត្រឹមតែក្នុងសាលាទេ ទាំងក្រៅសាលា ណែនាំតែម្ដងទៀត អាហ្នឹងមិនមែសម្រាប់ក្មេងៗទេ តែរឿងនេះ ជារឿងមួយ ដែលប្រកាសអាសន្ន រឿងនេះ គឺជារឿងបញ្ហារយៈពេលវែងសម្រាប់យើង»។
សម្តេចបវរធិបតី បន្ដថា បញ្ហាជំងឺទឹកនោមផ្អែក វានឹងក្លាយជាបន្ទុក មិនមែនជាទ្រព្យទេ ដោយ សម្តេច ស្នើឱ្យ ឪពុក-ម្តាយ ពលរដ្ឋទាំងអស់ ជាពិសេសលោកគ្រូ អ្នកគ្រូ គិតគូខ្ពស់លើបញ្ហានេះ។
សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ទៀតថា «ឈឺជំងឺទឹកនោមផ្អែម គឺជាបន្ទុក មិនមែនជាទ្រព្យទេ ចឹងត្រូវគិតគូរមើល សូមឱ្យ ឪពុក ម្ដាយ ប្រជាជន លោកគ្រូ អ្នកគ្រូ អ្នកលក់ ត្រូវគិតគូរអារឿងហ្នឹង (រឿងភេសជ្ជៈផ្អែម)»៕

Leave a Reply