
ស្វាយរៀង ៖ លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានជំរុញអាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងគ្រប់មូលដ្ឋានទាំងអស់ បន្តយកចិត្តទុកដាក់លើការបង្ក្រាបក្មេងទំនើងដែលបង្ករការអុកឡុកប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ដោយមិនត្រូវលើកលែងឡើយ។

ការលើកឡើងរបស់ លោក អភិបាលខេត្ត នាឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។

នាឱកាសនោះ លោក អភិបាលខេត្ត បានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួន ដូចជា ៖ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ទៅលើការការពារសន្តិសុខសណ្តាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើជូនប្រជាពលរដ្ឋ។

លោក អភិបាលខេត្ត បន្ដថា អាជ្ញាធរក្រុង ស្រុក មន្ទីរអង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់លើបញ្ហាអម័យបរិស្ថាននៅតាមទីប្រជុំជននានា ជាពិសេសស្រុក ក្រុង ដែលនៅជាប់បណ្តោយផ្លូវជាតតិលេខ១ ត្រូវពិនិត្យ និងសម្អាតអោយបានស្អាតនិងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ។

លោក អភិបាលខេត្ត បានគូសបញ្ជាក់ថា «អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងគ្រប់មូលដ្ឋានទាំងអស់បន្តយកចិត្តទុកដាក់លើការបង្ក្រាបក្មេងទំនើងដែលបង្ករការអុកឡុកប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម មិនត្រូវលើកលែងឡើយ។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានម៉ឺងម៉ាត់»៕



Leave a Reply