ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចេញសេចក្តីបំភ្លឺ ជុំវិញរឿងសារព័ត៌មានMSJ TV ផ្សាយថា មានរថយន្តពាក់ផ្លាកលេខនគរបាល ជិះកាងបទល្មើសព្រៃឈើ នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង 

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញសេចក្តីបំភ្លឺ ជុំវិញរឿងសារព័ត៌មានMSJ TV ផ្សាយថា មានជនស្លៀកពាក់ស៊ីវិល ប្រើប្រាស់រថយន្តពាក់ផ្លាកលេខនគរបាល ជិះកាងបទល្មើសព្រៃឈើ នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។

ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាឱ្យធ្វើការស្រាវជ្រាវជាបន្ទាន់ចំពោះបញ្ហានេះ។

រហូតដល់ម៉ោងនេះ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណរថយន្តដែលសារព័ត៌មានខាងលើបានផ្សព្វផ្សាយហើយ។ លោកស្នងការ បានចាត់វិធានការភ្លាមដល់ផែនការងារធនធានមនុស្ស និងផ្នែកពាក់ព័ន្ធ កោះហៅអ្នកប្រើប្រាស់រថយន្តខាងលើ មកធ្វើការសាកសួរស្រាវជ្រាវ។ 

សូមបញ្ជាក់ថា ក្នុងករណីរកឃើញមន្រ្តីនគរបាលរូបណាដែលពាក់ព័ន្ធអំពើល្មើសនេះ លោកស្នងការនឹងចាត់វិធានការស្របទៅតាមបទវិន័យរបស់កងកម្លាំងនគរបាលជាតិ៕