
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យនាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក (Ronald P.Clark) មេបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក បានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា តបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។

ដំណើរទស្សនកិច្ចរបស់ នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក ក្រៅពីជួបសម្តែងការគួរសមជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត លោក ក៏នឹងការជួបសម្តែងការគួរសមជាមួយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទផងដែរ។

នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក នឹងមានជំនួបទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នៅទីបញ្ជាការបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលមេបញ្ជាការទាំងពីរនឹងពិភាក្សាស៊ីជម្រៅ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា សំដៅកសាងទំនុកចិត្ត និងការជឿជាក់ក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ នាយឧត្ដមសេនីយ៍ រ៉ូណាល់ ខ្លាក នៅពេលនេះ គឺស្របពេលខួបលើកទី៧៥ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក ហើយក៏ជាលើកទី២ ដែលមេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក អញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា ដែលលើកទី១ គឺដឹកនាំដោយនាយឧត្តមសេនីយ៍ វ៉ីនសេន ប៊ុក (VINCENT BROOKS) នៅក្នុងឆ្នាំ២០១៤៕


Leave a Reply