
ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារមន្ទីរជំនាញ ចុះពិនិត្យទីតាំងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងជំរុញដំណើរការបើកច្រកព្រំដែន ច១-ឆាំរ៉ាក ឱ្យទៅជាច្រកតំបន់ពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក្នុងពេលឆាប់ៗខាងមុខ។

ការចុះពិនិត្យទីតាំងខាងលើនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញដំណើរការបើកច្រកព្រំដែន «ច១-ឆាំរ៉ាក» ឱ្យទៅជាច្រកតំបន់ពាណិជ្ជកម្ម និងដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ និងអ្នកវិនិយោគប្រទេសទាំងពីរ ដែលកំពុងទន្ទឹងរង់ចាំ និងចង់ឃើញការប្រែក្លាយច្រកព្រំដែននេះ ជាព្រំដែនដែលមានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍ល្អ យ៉ាងឆាប់រហ័ស។

ឯកឧត្តម ខូយ រីដា បានថ្លែងថា ច្រកទ្វាតំបន់ព្រំដែន ស្ពានជ័យជំនះ «ច១» ដែលស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងច្រកព្រំដែន «ឆាំរ៉ាក» ដែលស្ថិតក្នុងភូមិឆាំរ៉ាក ឃុំលែមក្លាត់ ស្រុកមឿង ខេត្តត្រាត ត្រូវបានប្រមុខរាជរដ្ឋាភិបាល ប្រទេសទាំងពីរ ស្រុះស្រួល និងឯកភាពគ្នា ឱ្យដំណើរការឡើងវិញ ទៅជាច្រកតំបន់ពាណិជ្ជកម្ម។

ឯកឧត្តម បន្តថា ភាគីខេត្តនឹងខេត្ត ពោលគឺខេត្តពោធិ៍សាត់ និងខេត្តត្រាត ក៏បាននឹងកំពុងត្រៀមជួបពិភាក្សាគ្នា ដើម្បីបង្កលក្ខណៈ និងបង្កើនភាពស្និទ្ធស្នាលឱ្យកាន់តែប្រសើរឡើង ក្នុងការឆ្លើយតបឱ្យបានឆាប់រហ័ស តាមបំណងប្រាថ្នា នៃការបើកច្រកតំបន់ពាណិជ្ជកម្មនេះ៕



Leave a Reply