
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសទទួលស្គាល់សាលារៀនចំនួន ១៤៤ ជាប់ស្តង់ដាសាលារៀនគំរូ រួមមាន៖ សាលាមត្តេយ្យសិក្សា ២៤ សាលាបឋមសិក្សា ៥០ អនុវិទ្យាល័យ ៥ វិទ្យាល័យ ៦០ និងសាលាគរុកោសល្យ ៥។ នេះជាការលើកឡើង លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៤-២០២៥ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បានឱ្យដឹងថា ក្រសួង បានរៀបចំយន្តការចុះជួយគាំទ្រសាលាមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា ដោយប្រើប្រាស់ថវិការដ្ឋ និងយន្តការគម្រោង ផ្តោតលើ៖ លទ្ធផលសិក្សារបស់សិស្ស វិធីសាស្ត្រ បង្រៀននិងរៀន ការគាំទ្រគណៈគ្រប់គ្រងសាលារៀន ការចូលរួមរបស់សហគមន៍ និងការពង្រឹង គណនេយ្យភាពរបស់សាលារៀន។

លោកឧបនាយករដ្ឋមន្រ្តី បន្ដថា ក្រុមការងារចុះជួយគាំទ្រសាលារៀនត្រូវបានបែងចែកជា ៥ តំបន់ និងផ្តោតលើការកំណត់ និងរៀបចំបញ្ជីបញ្ហា ការកំណត់អាទិភាព និងដោះស្រាយបញ្ហា តាមលំដាប់លំដោយ ការរៀបចំព្រឹត្តិបត្រព័ត៌មានសាលារៀន របាយការណ៍បំពេញការងាររបស់ សាលារៀន ស្វ័យវាយតម្លៃសាលារៀន របាយការណ៍អធិការកិច្ច ការរៀបចំផែនការសកម្មភាព គាំទ្រសាលារៀន ។

លោកឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា «ជារួម នៅពេលសន្និបាតអប់រំឆ្នាំ ២០២៥ ក្រសួងប្រកាសទទួលស្គាល់សាលារៀនចំនួន ១៤៤ ជាប់ស្តង់ដាសាលារៀនគំរូ រួមមាន សាលាមត្តេយ្យសិក្សា ២៤ សាលាបឋមសិក្សា ៥០ អនុវិទ្យាល័យ ៥ វិទ្យាល័យ ៦០ និងសាលាគរុកោសល្យ ៥។ ក្រសួង សូមលើកទឹកចិត្តឱ្យ សាលារៀនទាំង ១៤៤ និង សាលារៀនដទៃទៀត បន្តធ្វើការកែលម្អ និងអនុវត្តឱ្យបានពេញ លេញនូវស្តង់ដាសាលារៀនគំរូ នៅឆ្នាំបន្តបន្ទាប់ទៀត»៕


Leave a Reply