ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (TYDA) ចុះពិនិត្យព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋជាង៤ពាន់គ្រួសារ ដោយឥតគិតថ្លៃនៅខេត្តឧត្តរមានជ័យ

ប្រជាពលរដ្ឋជាង៤ពាន់គ្រួសារ នៅខេត្តបន្ទាយមានជ័យ បង្ហាញអារម្មណ៍សប្បាយរីករាយក្រោយទទួលបានការពិនិត្យព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (TYDA) ដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជសម្តេចតេជោ ស្ថិតនៅឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ក្នុងវិទ្យាល័យ ហ៊ុន សែន ចុងកាល់ នៅព្រឹកថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២៥នេះ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសំណេះសំណាលជាមួយប្រជាពលរដ្ឋយ៉ាងសប្បាយរីករាយកំឡុងពេលពិនិត្យជំងឺ និងបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុនសែន សម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន និង សម្តចធិបតី ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋទាំងអស់ដែលមកទទួលសេវានាឱកាសនេះ។

ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាពនាឱកាសនេះ បានសម្តែងនូវក្តីសប្បាយរីករាយ និងគោរពថ្លែងអំណរគុណចំពោះ លោកជំទាវបណ្ឌិត និង សម្តេចទាំងបី ក្នុងការផ្តល់ឱកាសដ៏វិសេសវិសាល ចុះមកព្យាបាលជំងឺជូនពួកគាត់ ដោយមិនគិតថវិកាអ្វីទាំងអស់ ថែមទាំងយកចិត្តដាក់ក្នុងព្យាបាលថែមទៀតផង។

នាឱកាសនោះ ក្រៅពីការពិនិត្យនិងព្យាបាលជំងឺ លោកជំទាវបណ្ឌិតក៏បានចែកកាបូបស្ពាយដល់ក្មួយៗសិស្សានុសិស្សប្រមាណជិត ២០០នាក់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតផ្ទាល់៕