
នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន OLAM International Limited នៅទីស្តីការក្រសួងកសិកម្ម។

ក្រោយចប់ជំនួបការងារនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងក្រុមហ៊ុនខាងលេីនេះ ជាក្រុមហ៊ុនពាណិជ្ជកម្មស្រូវអង្ករខ្នាតអន្តរជាតិ ហេីយគោលបំណងនៃជំនួបនេះ គឺចង់ជួយសម្រួលទីផ្សារស្រូវអង្ករក្នុងប្រទេសកម្ពុជា ជួយកាត់បន្ថយថ្លៃដេីមផលិត បង្កេីនប្រាក់ចំនេញ និងថ្លៃកសិផលជូនប្រជាកសិករ។

ការប្រជុំនេះ មានគោលដៅក្នុងការកំណត់ពីរបៀបរបបនៃការផលិតដេីម្បីទទួលបានតម្លៃបន្ថែមខ្ពស់ កាត់បន្ថយការប្រេីប្រាស់ធាតុចូលកសិកម្ម ផលិតកម្មមានគុណភាពខ្ពស់ ធានាទីផ្សារចេញពីការអនុវត្តកសិកម្មល្អ (GAP)។

លេីសពីនេះ ការអនុវត្តកសិកម្មល្អទ្រង់ទ្រាយធំ បានបម្រេីផលប្រយោជន៍ជាច្រេីនដល់កសិករ ក្នុងរៀបចំសហគមន៍កសិកម្មទំនេីប ទទួលបានបច្ចេកទេសទំនេីបៗ កាត់បន្ថយការបំភាយកាបូន និងទទួលបានប្រាក់ចំនេញខ្ពស់។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការងារនេះមានការសហការជាមួយដៃគូអភិវឌ្ឍន៍នានាដូចជា ស្ថានទូតអាល្លឺម៉ង់ អង្គការ(GIZ) ហេីយគម្រោងនឹងរៀបចំជាសហគមន៍ធំធ្វេីស្រែគំរូ ដោយអនុវត្តវិធីសាស្រ្តការអនុវត្តកសិកម្មល្អ និងកាត់បន្ថយការប្រេីប្រាស់ធាតុចូលកសិកម្ម៕



Leave a Reply