សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ រ៉េត រី ភេទ ប្រុស អាយុ៤៧ឆ្នាំ បានបាត់ម៉ូតូ០១គ្រឿងម៉ាក Honda Dream សេរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប ១Ak-៦៦៣៣ នៅវេលាម៉ោង១១ និង០០នាទីថ្ងៃត្រង នៅចំណុចទំនប់បឹងផ្ដៅ ស្ថិតក្នុងភូមិច្រេស ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ក្រោយទទួលបានពាក្យបណ្តឹងភ្លាម សមត្ថកិច្ចចុះធ្វើការស្រាវជ្រាវរហូត ដល់វេលាម៉ោង ១៣និង០០នាទី ថ្ងៃខែឆ្នាំដដែល បានឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ មកធ្វើការសួរនាំ៖ ១.ឈ្មោះ រឿម គង់ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ ២.ឈ្មោះ ពុត កុសន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិតានីធម្មជាតិ សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។

ជនសង្ស័យទាំង០២នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនទាំង០២នាក់ ពិតជាបានធ្វើសកម្មភាពលួចម៉ូតូ របស់ជនរងគ្រោះខាងលើ ពិតប្រាកដមែន។ ហើយបានឆ្លើយសារភាពបន្ថែមទៀតថា ពួកខ្លួនបានធ្វើសកម្មភាពលួចជាច្រើនលើកក្នុងក្រុងសៀមរាប និងតាមបណ្ដាស្រុកផ្សេងទៀត ដោយប្រើប្រាស់រូបភាពជាអ្នកសារព័ត៌មាន ឬមន្រ្តីអង្កការ ជិះរកមើលម៉ូតូណា ដែលទុកប្រហែស ពុំមានចាក់សោសុវត្ថិភាព ដើម្បីធ្វើសកម្មភាពលួច។
បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

Leave a Reply