ក្រុមប្រឹក្សាប្រសិទ្ធភាពរដ្ឋាភិបាលសហរដ្ឋអាមេរិក (DOGE) ប្រកាសថាបានជួយសន្សំសំចៃថវិការបស់រដ្ឋាភិបាលអាមេរិកដល់ទៅ ៥៥ពាន់លានដុល្លារ

អង្គភាពក្រុមប្រឹក្សាប្រសិទ្ធភាពរដ្ឋាភិបាលសហរដ្ឋអាមេរិក (DOGE) ដែលលោក Elon Musk ជាប្រធានដឹកនាំ បានប្រកាសថា បានជួយសន្សំសំចៃថវិការបស់រដ្ឋភិបាលសហរដ្ឋអាមេរិក ដល់ទៅចំនួន ៥៥ពាន់លានដុល្លារ តាមរយៈផែនការកាត់បន្ថយជាបន្តបន្ទាប់របស់ខ្លួន ស្របពេលតួលេខនេះ នៅតែអាចបន្តកើនឡើងបន្ថែមទៀត។ នេះបើតាមករចុះផ្សាយពីសារព័ត៌មាន ABC News។

ការិយាល័យប្រសិទ្ធភាពរដ្ឋាភិបាលសហរដ្ឋអាមេរិក (DOGE) បានប្រកាសនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃទី១៩ ខែកុម្ភៈថា ខ្លួនបានជួយសន្សំថវិការបស់រដ្ឋាភិបាលបានយ៉ាងច្រើន ជាមួយនឹងការលុបចោលកិច្ចសន្យាដែលមិនចាំបាច់ ការបញ្ឈប់បុគ្គលិក និងការលក់ទ្រព្យសម្បត្តិផ្សេងៗ ចាប់តាំងពីប្រធានាធិបតី លោក ដូណាល់ ត្រាំ ចូលកាន់តំណែងក្នុងសេតវិមាន នៅថ្ងៃទី២០ ខែមករាមក។

យោងតាមការប្រកាសនៅលើគេហទំព័រផ្លូវការ DOGE បានកាត់បន្ថយយ៉ាងហោចណាស់ ៦,៥ពាន់លានដុល្លារពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ USAID ចំនួន ៥០២លានដុល្លារពីនាយកដ្ឋានអប់រំ , ២៣២លានដុល្លារពីរដ្ឋបាលសន្តិសុខសង្គម និង ១៩២លានដុល្លារពីរដ្ឋបាលសេវាសាធារណៈ។

ទីភ្នាក់ងារនេះ ក៏បានកាត់បន្ថយយ៉ាងហោចណាស់ ១៧៣លានដុល្លារពីនាយកដ្ឋានកសិកម្ម , ១៥២លានដុល្លារពីនាយកដ្ឋានសុខភាពនិងសេវាមនុស្ស , ១៣៣លានដុល្លារពីនាយកដ្ឋានដឹកជញ្ជូន និង ១១៩លានដុល្លារពីនាយកដ្ឋានពាណិជ្ជកម្ម។

ជម្រាបជូនផងដែរថា មហាសេដ្ឋី Elon Musk ដែលជាបុគ្គលមានជាងគេបំផុតនៅលើពិភពលោក ត្រូវបានតែងតាំងដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ ជា “ភ្នាក់ងារពិសេស” របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងបានដឹកនាំអង្គភាព DOGE ឲ្យអនុវត្តផែនការដើម្បីសម្រួល និងកែទម្រង់ប្រព័ន្ធរដ្ឋាភិបាលសហព័ន្ធ៕