
ភ្នំពេញ ៖ សមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបង្ក្រាប និងស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនមនុស្សប្រុស-ស្រី ២នាក់ ដែលបានបង្កើតគណនីតេឡេក្រាមក្លែងក្លាយ ដាក់ឈ្មោះបន្លំដូចទៅនឹងChannel Telegram ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដើម្បីឲ្យគេជឿជាក់ និងដាក់ប្រាក់វិនិយោគ ។

បើតាមការផ្សព្វផ្សាយពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានាថ្ងៃ២១ កុម្ភៈនេះ ពួកគេត្រូវបានឃាត់ខ្លួនកាលពីថ្ងៃ១៦ កុម្ភៈ មួយថ្ងៃបន្ទាប់ពីសម្តេចតេជោបានប្រកាសថា មានអ្នកបង្កើតតេឡេក្រាមក្លែងក្លាយដាក់ឈ្មោះ និងរូបសម្តេច។
ជនសង្ស័យ២នាក់ ស្រី១នាក់ឈ្មោះ ក.ស.ន ភេទស្រី មុខរបរ ធ្វើការនៅហាងកែសម្ភស្ស និងជនសង្ស័យម្នាក់ទៀតឈ្មោះ ប.ត.ម ភេទប្រុស មុខរបរ សន្តិសុខចំណតរថយន្ត នៅផ្សារទំនើប។ តាមការស្រាវជ្រាវរបស់សមត្ថកិច្ច បានរកឃើញថា ជនសង្ស័យទាំង២ បានឆបោកប្រាក់ជនរងគ្រោះប្រហែលជាង១៨ម៉ឺនដុល្លារ
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបាននាយកដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។

នាយកដ្ឋាន ក្រើនរំលឹកដល់សារធារណជនប្រុងប្រយ័ត្ន មុននឹងសម្រេចចិត្តដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ និងពិនិត្យពិចារណាប្រភពនៃការផ្សព្វផ្សាយអំពីការវិនិយោគតាមអនឡាញផ្សេងៗហ្មត់ចត់ ចៀសវាងការខាតបង់ផលប្រយោជន៍ និងទ្រព្យសម្បត្តិ។
សូមបញ្ជាក់ថា កាលពីថ្ងៃ១៥ មករា សម្តេចតេជោបានប្រកាសក្នុងបណ្តាញសង្គមហ្វេសប៊ុកថា មានអ្នកបង្កើតបណ្តាញតេឡេក្រាមក្លែងក្លាយដាក់រូបនិងឈ្មោះសម្តេចដើម្បីបោកបញ្ឆោតយកលុយគេ៕

Leave a Reply