
ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីវិន័យការងាររបស់លោកស្រី ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ ដែលបានប្រព្រឹត្តខុសធ្ងន់ធ្ងរ បន្ទាប់ពីលោកស្រីសម្រេចដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម ដែលត្រូវបានក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ប្រកាសថា សកម្មភាពនេះជាការរំលោភបំពានធ្ងន់ធ្ងរនូវ មាត្រា៥១៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ លោកស្រី ពេជ ម៉ារ៉ែន បានបង្ហោះវីដេអូមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បាននិយាយថា «ខ្លួនមានកំហុសបន្តិចបន្តួច បែរជាត្រូវចាប់ទោសអូសដំណើរ ដោយគ្មានការលើកលែង ដោយគ្មានការសណ្ដោស និងដោយគ្មានការទុកឱកាសឱ្យខ្លួនជាដើមទោះបីខ្លួនខិតខំកែលម្អហើយក៏ដោយ»។

បញ្ហាវិន័យនេះត្រូវបានលើកឡើងបន្ទាប់ពីក្រសួងយុត្តិធម៌ បានដាក់លិខិតដោយជំរុញឲ្យមានការស៊ើបអង្កេតលើការដោះស្រាយសំណុំរឿងដែលលោកស្រី ម៉ារ៉ែន បានសម្រេចដោះលែងដោយមានលក្ខខណ្ឌចំពោះទណ្ឌិត ១រូប ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ១១ឆ្នាំ ពីបទ «ឃាតកម្ម» ដែលជាប្រភេទបទឧក្រិដ្ឋ។ ប្រធានក្រុមប្រឹក្សាវិន័យ បានចាត់ឲ្យក្រុមអធិការកិច្ចនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមធ្វើការសាកសួរលម្អិតនិងរាយការណ៍មកវិញ។

នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៤ ក្រុមប្រឹក្សាវិន័យបានកោះប្រជុំដើម្បីដោះស្រាយបញ្ហានេះ ដោយបានអញ្ជើញលោកស្រី ម៉ារ៉ែន ឱ្យចូលមកការពារខ្លួននៅចំពោះមុខក្រុមប្រឹក្សាវិន័យ។ បន្ទាប់ពីបានស្តាប់របាយការណ៍របស់ក្រុមអធិការកិច្ច ការបំភ្លឺរបស់សាមីខ្លួន ការសួរដេញដោលពីក្រុមប្រឹក្សាវិន័យ និងបានពិនិត្យ ពិភាក្សាយ៉ាងល្អិតល្អន់រួចមក ក្រុមប្រឹក្សាវិន័យបានរកឃើញថា លោកស្រី ម៉ារ៉ែន បានចេញដីកាសម្រេចដោះលែងដោយមានលក្ខខណ្ឌ ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ឱ្យទណ្ឌិតដែលកំពុងអនុវត្តទោសក្នុងពន្ធនាគារខេត្តតាកែវ តាមរយៈសាលដីកាស្ថាពរ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ របស់សាលាឧទ្ធរណ៍ភ្នំពេញ ដែលបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ១១ឆ្នាំ ពីបទ ឃាតកម្ម៕


Leave a Reply